
ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែសីហា) បាននិយាយថា ការសម្លាប់មេដឹកនាំក្រុមហាម៉ាសប៉ាឡេស្ទីន គឹលោក Ismail Haniyeh គឺមិនមានផលល្អនោះឡើយ សម្រាប់ការឈានដល់បទឈប់បាញ់ ក្នុងសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
មាននូវហានិភ័យកាន់តែខ្លាំងឡើងនៃការកើនឡើងនូវភាពតានតឹង នៅក្នុងសង្រ្គាមមជ្ឈិមបូព៌ាដ៏ទូលំទូលាយ បន្ទាប់ពីការធ្វើឃាតលើលោក Haniyeh ក្នុងប្រទេសអ៊ីរ៉ង់ បាននាំឲ្យមានការគំរាមកំហែងសងសឹកប្រឆាំងនឹងអ៊ីស្រាអែល។ ក្រុមហាម៉ាស និងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបញ្ជាក់ពីការស្លាប់របស់ លោក Haniyeh ដែលបានចូលរួមក្នុងកិច្ចចរចាដោយប្រយោល ដែលមានការសម្របសម្រួលជាអន្តរជាតិ ស្តីពីការឈានដល់បទឈប់បាញ់ នៅតំបន់ហ្កាហ្សា។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅពេលដែលត្រូវបានសួរថា តើការធ្វើឃាតលើលោក Haniyeh បានបំផ្លាញឱកាសសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ដែរ ឬទេ លោក Biden បានប្រាប់ទៅអ្នកសារព័ត៌មានថា៖ «វាមិនមានផលល្អនោះទេ»។ ជាមួយគ្នានេះ លោក Biden ក៏បាននិយាយដែរថា លោកបានពិភាក្សាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលព្រឹកថ្ងៃព្រហស្បតិ៍នោះ។

រដ្ឋាភិបាលរបស់លោក Netanyahu មិនបានចេញមុខអះអាងទទួលខុសត្រូវនោះទេ ប៉ុន្តែលោក បាននិយាយថា អ៊ីស្រាអែលបានផ្ដល់ការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ក្រុមធ្វើសង្គ្រាមតំណាងរបស់អ៊ីរ៉ង់ ក្នុងនោះរួមមានក្រុមហាម៉ាស និងក្រុមហេសបូឡាដែលមានមូលដ្ឋាននៅប្រទេសលីបង់ ហើយនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារណាមួយ៕