
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា លោកបាននិយាយយ៉ាងយូរជាមួយប្រជាជនដែលបានមកដល់ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារក្នុងប្រទេសរុស្ស៊ី តាមរយៈលក្ខខណ្ឌដោះដូរអ្នកទោសដ៏ធំមួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែសីហា) ដែលនេះចាត់ជាការជួប «ដ៏រំជួលចិត្តមួយ»។

លោក បាន Scholz ប្រាប់អ្នកយកព័ត៌មានថា៖ «មនុស្សជាច្រើនមិននឹកស្មានថា រឿងនេះនឹងកើតឡើងនៅពេលនេះទេ ហើយនៅតែពោរពេញដោយអារម្មណ៍ ដែលជាប់ទាក់ទងនឹងការមានសេរីភាព។ មនុស្សជាច្រើន បានភ័យខ្លាចចំពោះសុខភាព និងសូម្បីតែខា្លចបាត់បង់អាយុជីវិតរបស់ពួកគេ»។
គួរបញ្ជាក់ថា លោក Scholz កំពុងនិយាយនៅឯអាកាសយានដ្ឋានទីក្រុង Cologne របស់អាល្លឺម៉ង់ បន្ទាប់ពីបានជួបអ្នកទោសដែលត្រូវបានដោះលែង ដោយភាគច្រើនបានទៅដល់ទីនោះ បន្ទាប់ពីហោះហើរពីទីក្រុង Annkara របស់ប្រទេសទួរគី ជាកន្លែងដែលការដោះដូរបានកើតឡើង៕