
គណៈកម្មាធិការពិនិត្យរួមថ្នាក់រដ្ឋមន្ត្រី នៃអង្គការ OPECបូក ជាអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមប្រទេសផលិតប្រេង ចំពោះគោលនយោបាយទិន្នផលនាពេលបច្ចុប្បន្នរបស់ខ្លួន។
គណៈកម្មការ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំថា ខ្លួនបានពិនិត្យមើលឡើងវិញទិន្នន័យផលិតកម្មប្រេងឆៅសម្រាប់ខែឧសភា និងខែមិថុនា ហើយបានកត់សម្គាល់ពី «ការអនុវត្តន៍ជារួមខ្ពស់» សម្រាប់បណ្តាប្រទេស OPEC បូក។
គណៈកម្មាធិការ ក៏បានកត់សម្គាល់ផងដែរនូវការធានាពីប្រទេសអ៊ីរ៉ាក់ កាហ្សាក់ស្ថាន និងប្រទេសរុស្ស៊ីក្នុងអំឡុងកិច្ចប្រជុំ ដើម្បីទទួលបាននូវការអនុវត្តន៍ពេញលេញចំពោះគោលនយោបាយផលិតនាពេលបច្ចុប្បន្ន។

កាលពីសប្តាហ៍មុន លេខាធិការដ្ឋានអង្គការ OPEC បាននិយាយថា ខ្លួនបានទទួលផែនការសំណងពីប្រទេសទាំងបីនេះ សម្រាប់បរិមាណប្រេងដែលបានផលិតលើសរបស់ពួកគេ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤។
កាលពីខែមិថុនា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អង្គការ OPEC បូក បានសម្រេច បន្តកាត់បន្ថយទិន្នផលប្រេងបច្ចុប្បន្នរបស់ខ្លួន យ៉ាងហោចណាស់ដល់ត្រីមាសទី៣ នៃឆ្នាំនេះ។
ប្រទេសចំនួនប្រាំបីរបស់អង្គការ OPECបូក ក៏បានប្រកាសនៅក្នុងកិច្ចប្រជុំអំពីការបន្តកាត់បន្ថយទិន្នផលប្រេងដោយស្ម័គ្រចិត្តរបស់ពួកគេចំនួន ២,២ លានបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ចុងខែកញ្ញា ឆ្នាំនេះ ដែលនឹងត្រូវបានដាក់ចេញជាដំណាក់កាលរៀងរាល់ខែ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៥។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសទាំងប្រាំបី បានបញ្ជាក់ឡើងវិញថា ការដាក់ចេញជាដំណាក់កាល នៃការកាត់បន្ថយការផលិតប្រេងដោយស្ម័គ្រចិត្ត អាចត្រូវបានផ្អាក ឬផ្លាស់ប្តូរ អាស្រ័យលើលក្ខខណ្ឌទីផ្សារដែលកំពុងមាន។