
ប្រទេសអាល្លឺម៉ង់ បានចូលរួមជាផ្លូវការក្នុងទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) ដឹកនាំដោយសហរដ្ឋអាមេរិក នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២ ខែសីហានេះ ដោយចូលរួមជាមួយក្រុមប្រទេស ការពារនៅតាមព្រំដែនជាមួយប្រទេសកូរ៉េខាងជើង ហើយបានប្តេជ្ញាថានឹងជួយការពារប្រទេសកូរ៉េខាងត្បូង ក្នុងករណីមានសង្រ្គាម។
ប្រទេសអាល្លឺម៉ង់ គឺជាប្រទេសទី១៨ ដែលចូលរួមក្នុងទីបញ្ជាការ និងជាលើកដំបូង ចាប់តាំងពីប្រទេសអ៊ីតាលី ត្រូវបានដាក់បញ្ចូលជាថ្មីក្នុងឆ្នាំ២០១៣។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយនៅក្នុងពិធីមួយនៅទីបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិកនៅទីក្រុង Pyeongtaek ភាគខាងត្បូងទីក្រុងសេអ៊ូលថា វិធានការនេះ គឺជា សញ្ញាច្បាស់លាស់ នៃការប្តេជ្ញាចិត្តរបស់ទីក្រុងប៊ែកឡាំង ចំពោះសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោក បាននិយាយថា ជាផ្នែកមួយនៃទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) ប្រទេសអាល្លឺម៉ង់ នឹងចែករំលែកការទទួលខុសត្រូវ សម្រាប់ការការពារព្រំដែនប្រទេសកូរ៉េខាងត្បូងជាមួយប្រទេសកូរ៉េខាងជើង។
ឧត្តមសេនីយយោធាសហរដ្ឋអាមេរិក លោកPaul LaCamera មេបញ្ជាការទីបញ្ជាការអង្គការសហប្រជាជាតិ(UNC) និងកងកម្លាំងសហរដ្ឋអាមេរិក កូរ៉េ បាននិយាយថា ការបន្ថែមប្រទេសអាល្លឺម៉ង់ នឹងធ្វើពិពិធកម្មទស្សនវិស័យ និងសមត្ថភាព ដែលអាចធ្វើទៅបានសម្រាប់ទីបញ្ជាការអង្គការសហប្រជាជាតិ (UNC)។