បាល់ទាត់៖ ខ្សែប្រយុទ្ធកូឡុំប៊ី Radamel Falcao បានផ្លាស់មកកាន់ក្លិបអេស្ប៉ាញ Rayo Vallecano បន្ទាប់ពីចាកចេញពី Galatasaray កាលពីសប្តាហ៍មុន។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានវិលមកកាន់ទឹកដីអេស្ប៉ាញវិញ បន្ទាប់ពីចាកចេញកាលពី ៨ឆ្នាំមុនពេលផ្លាស់ពី Atletico Madrid ទៅកាន់ AS Monaco។

នៅជាមួយ Atletico Madrid, Falcao ធ្លាប់ឈ្នះពាន Copa del Rey, UEFA Europa League និង UEFA Super Cup។ នៅឆ្នាំ២០១៣ Radamel Falcao បានផ្លាស់ទៅកាន់ក្របខណ្ឌបារាំង Ligue 1 ជាមួយក្លិប AS Monaco មុននឹងផ្លាស់ទៅកាន់ Manchester United ក្នុងលក្ខខណ្ឌខ្ចីជើង និងផ្លាស់ទៅកាន់តោខៀវ Chelsea នៅចន្លោះឆ្នាំ២០១៤ ដល់ ២០១៦ មុននឹងចុងក្រោយបំផុតផ្លាស់ទៅកាន់ទឹកដីទួរគីនៅឆ្នាំ២០១៩ ជាមួយ Galatasaray។
ក្នុងការបង្ហាញខ្លួន ៣៤លើកជាមួយ Galatasaray, Falcao រកបាន ១៩គ្រាប់ទោះបីពីររដូវកាលរបស់គេនៅទីនោះពេញដោយរបួសញាំញីក្តី។ រដូវកាលថ្មីនេះ Falcao បានបង្ហាញខ្លួនត្រឹម ៣លើកប៉ុណ្ណោះនៅ Galatasaray នឹងត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ