កាលពីយប់ថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ( Joe Biden) បាននិយាយថា៖«ការសម្លាប់លោក ហានីយេ គឺមិនមានប្រយោជន៍សម្រាប់ការចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សាទេ»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល សេតវិមាន និយាយថា លោកប្រធានាធិបតី បៃដិន និង លោក ណេតាន់យ៉ាហ៊ូ បានពិភាក្សាអំពី «ការដាក់ពង្រាយគ្រឿងយុទ្ធបករណ៍ថ្មីរបស់អាមេរិក» ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ មួយម៉ោងបន្ទាប់ពីចលនាតស៊ូហេសបូឡានៅប្រទេសលីបង់ បានបាញ់រ៉ុក្កែតនៅភាគខាងជើងនៃទឹកដីកាន់កាប់ដោយអ៊ីស្រាអែល ជាលើកដំបូង ចាប់តាំងពីមេបញ្ជាការរបស់ខ្លួនម្នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួន កំពុងស្ថិតក្នុង«ការប្រុងប្រយ័ត្នខ្ពស់» សម្រាប់ការឆ្លើយតបទៅនឹងការធ្វើឃាតមេទ័ពរបស់ក្រុមហេសបូឡា នៅក្នុងទីក្រុងបេរូត (Beirut) និងមេដឹកនាំក្រុមហាម៉ាស ក្នុងទីក្រុងតេអេរ៉ង់នៃប្រទេសអ៊ីរ៉ង់។
លោក អ៊ីស្មេល ហានីយេ ត្រូវបានគេធ្វើឃាតក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្រុងតេអេរ៉ង់ កាលពីថ្ងៃពុធ ជាទីដែលលោកបានចូលរួមក្នុងពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីនៃប្រទេសនេះ។