ក្រុមមន្រ្តីនិយាយថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំហិម៉ាឡៃ ភាគខាងជើងប្រទេសឥណ្ឌា ធ្វើឲ្យមានការខូចខាតទ្រង់ទ្រាយធំ និងបណ្តាលឲ្យមនុស្សយ៉ាងហោច ១៥នាក់ ស្លាប់ ។
ក្រុមអាជ្ញាធរ និយាយថា មនុស្ស ៤នាក់ ស្លាប់នៅរដ្ឋ Himachal Pradesh និងមនុស្សជិត ៥០នាក់ កំពុងបាត់ខ្លួន នៅក្នុងទឹកជំនន់បង្កឡើងដោយសារភ្លៀងធ្លាក់ ។
ចំណែកឯនៅរដ្ឋជិតខាង Uttarakhand មនុស្ស ១១នាក់ បានស្លាប់ ក្រោយភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហក់ ហើយអាកាសធាតុអាក្រក់ បានរារាំងដល់ការទំនាក់ទំនងនៅតំបន់ភ្នំ ។
រដ្ឋ Uttarakhand ដែលរងគ្រោះដោយសារទឹកជំនន់ដ៏គំហក់ និងបំណាក់ដីនោះ ធ្លាប់ត្រូវបានបំផ្លិចបំផ្លាញម្តងរួចមកហើយដោយសារភ្លៀងធ្លាក់ខ្លាំងបំផុត កាលពីឆ្នាំ ២០១៣ ហើយនៅពេលនោះ ក្រុមអ្នកបួងសួងហិណ្ឌូជិត ៦ពាន់នាក់ បានបាត់ខ្លួន ។
ក្រុមអ្នកជំនាញអាកាសធាតុ និយាយថា ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ដ៏គំហក់ និងបំណាក់ដីដែលគេមើលឃើញកើតមាននៅតំបន់ភ្នំក្នុងប្រទេសឥណ្ឌា ប៉ាគីស្ថាន និងនេប៉ាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គឺបណ្តាលមកពីបញ្ហាបម្រែបម្រួលអាកាសធាតុ ៕