នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា ប្រទេសរបស់លោក ស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ ស្របពេលមានការរំពឹងទុកកើនឡើងថា អ៊ីរ៉ង់ ឬសម្ព័ន្ធមិត្តរបស់ពួកគេ នឹងសងសឹកសម្រាប់ការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ និងមេដឹកនាំក្រុមហេសប៊ូឡា ក្នុងសប្តាហ៍នេះ ។
លោកនិយាយនៅក្នុងវីដេអូឃបញ្ចេញដោយការិយាល័យរបស់លោក អំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានមេបញ្ជាការសមរភូមិមុខថា អ៊ីស្រាអែល បានប្រុងជើងការខ្ពស់សម្រាប់សេនារីយ៉ូណាមួយ ។
លោក Netanyahu ថា ពួកយើងនឹងតបស្នងវិញ រាល់ទង្វើណាមួយនៃការឈ្លានពានមកលើពួកយើងពីកន្លែងណាមួយ ។
គួរឲ្យដឹងថា អំឡុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅទីក្រុង Sanaa ប្រទេសយេម៉ែន មន្រ្តីមួយរូបរបស់ក្រុមឧទ្ទាមហ៊ូទីលោក Nasr al-Din Amer និយាយថា អ៊ីស្រាអែល នឹងប្រឈមរលកនៃការសងសឹក បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh ។
ដោយឡែក ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅលីបង់លោក Mojtaba Amani បានព្រមានអ៊ីស្រាអែលថា អ៊ីរ៉ង់ នឹងសងសឹក បន្ទាប់ពីការសម្លាប់លោក Haniyeh កាលពីព្រឹកថ្ងៃពុធនេះ ៕