អ្នកដែលត្រូវបានសម្លាប់រាប់បញ្ចូលទាំង ១០នាក់ នៅក្នុងទីក្រុង Suleja នៃរដ្ឋនីហ្សេ (Niger) នៃភាគ កណ្តាលនៃប្រទេសនេះ ហើយប៉ុស្តិ៍នគរបាលមួយកន្លែង ក៏ត្រូវបានដុតបំផ្លាញផងដែរ។
អ្នកស្លាប់ផ្សេងទៀតរួមមានបីនាក់ នៅរដ្ឋ Kaduna នៅភាគពាយព្យ ៤នាក់នៅទីក្រុង Maiduguri រដ្ឋធានីនៃរដ្ឋ Borno ភាគឦសាន ៧នាក់នៅរដ្ឋ Kano ម្នាក់នៅទីក្រុង Abuja និងម្នាក់ទៀតនៅរដ្ឋ Kebbi ។
ក្រៅពីអ្នកដែលត្រូវបានសម្លាប់នោះ បម្រាមគោចររយៈពេល ២៤ម៉ោង ក៏ត្រូវបានប្រកាស នៅក្នុងរដ្ឋចំនួនបីគឺរដ្ឋ Borno, Yobe និង Kano ផងដែរ។ អាជីវកម្ម ធនាគារ ផ្សារទំនើប និងទីផ្សារមួយចំនួន មិនបានបើកទេ ពីព្រោះខ្លាចការតវ៉ាកើនឡើង ក្លាយទៅជាវិបត្តិ។
បន្ទាប់ពីបានតាមយកព័ត៌មានការតវ៉ាថ្ងៃដំបូងក្នុងទីក្រុង Abuja អ្នកឆ្លើយឆ្លងព័ត៌មានអ៊ីរ៉ង់ម្នាក់ បានដើរដោយថ្មើរជើងជាង ២០គីឡូម៉ែត្រ ទៅកាន់ផ្ទះរបស់ខ្លួន ដោយសារគ្មានយានជំនិះ នៅតាមដងផ្លូវ។
នៅក្នុងរដ្ឋ Kano ដែលមានប្រជាជនច្រើនជាងគេ ប្រជាជន បានសម្រុកចូលឃ្លាំង ហាង និងការិយាល័យរបស់រដ្ឋាភិបាល អំឡុងពេលតវ៉ា ហើយបានលួចអាហារ និងរបស់មានតម្លៃមួយចំនួនទៀត។