ដំណើរកម្សាន្តរបស់ប្ដីប្រពន្ធជនជាតិចិនមួយគូ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ បានក្លាយទៅជាសោកនាដកម្ម កាលពីថ្ងៃព្រហស្បតិ៍ (ទី១ សីហា) នៅពេលដែលដើមឈើធំមួយដើម បានរលំសង្កត់លើស្ពានខ្សែកាប ហើយបានធ្វើឲ្យពួកគេធ្លាក់ពីកម្ពស់ដ៏ខ្ពស់។ ក្រោយមក ប្រពន្ធបានបាត់បង់ជីវិត ដោយសាររបួសធ្ងន់ពេក។
ក្រុមទៅពីមជ្ឈមណ្ឌលសង្គ្រោះ Erawan បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកេតហេតុ នៅឯ Jungle Flight Chiang Mai ដែលជាកន្លែងជិះខ្សែកាបលេងដ៏ទាក់ទាញ នៅក្នុងស្រុក Doi Saket ដើម្បីយកលោកស្រី Jing Chen វ័យ ៤៤ឆ្នាំ និងប្តីរបស់លោកស្រី គឺលោក Liu Yang វ័យ ៤៦ឆ្នាំ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។
សាក្សីនិយាយថា ប្ដីប្រពន្ធមួយគូនេះ បានត្រឡប់មកពីជិះខ្សែកាបលេង នាពេលព្រឹក។ ខណៈពេលដែលអ្នកទាំង២ កំពុងដើរលើស្ពានយោលកម្ពស់ប្រហែល ១៥ម៉ែត្រពីដី ស្រាប់តែដើមឈើមួយដើមបានរលំមកលើស្ពាននោះ ដែលបណ្ដាលឲ្យពួកគេផ្លោងឡើងលើអាកាសដោយសារកម្លាំងសង្កត់របស់ដើមឈើ។ ហើយសាក្សីបាននិយាយថា បន្ទាប់មក អ្នកទាំង២ បានធ្លាក់មកទង្គិចនឹងដីយ៉ាងខ្លាំង។
តាមរបាយការណ៍សារព័ត៌មាន បានឲ្យដឹងថា អ្នកស្រី Jing បានផុតដង្ហើម ដោយសាររបួសធ្ងន់ធ្ងរពេក នៅក្នុងរថយន្តសង្គ្រោះ ខណៈដែលប្ដីរបស់គាត់ គឺលោក Liu ទទួលការព្យាបាលរបួសដៃ និងជើងដែលបាក់ នៅមន្ទីរពេទ្យ Chiangmai Ram ក្នុងស្រុក Muang៕