កូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ទី២ ខែសីហា) នេះ បាននិយាយថា ខ្លួនមិនបានទទួលការឆ្លើយតបនោះឡើយ បន្ទាប់ពីបានព្យាយាមទាក់ទងកូរ៉េខាងជើង ដើម្បីផ្តល់ជំនួយមនុស្សធម៌ ក្រោយមានរបាយការណ៍អំពីការស្លាប់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីទឹកជំនន់ នាពេលថ្មីៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែសីហា) ក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា ខ្លួនមានបំណង «ផ្តល់ជាបន្ទាន់» នូវជំនួយផ្នែកមនុស្សធម៌ដល់ «ជនរងគ្រោះដោយគ្រោះមហន្តរាយរបស់កូរ៉េខាងជើង» ដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង។
នៅថ្ងៃទី២ ខែសីហានេះ ទីក្រុងសេអ៊ូល បានប្រាប់ថា ក្រសួងបានព្យាយាមទាក់ទងកូរ៉េខាងជើង ដើម្បីផ្តល់ជំនួយតាមរយៈបណ្តាញទំនាក់ទំនងរបស់ការិយាល័យរួបរួមរបស់ប្រទេសកូរ៉េ ប៉ុន្តែទីក្រុងព្យុងយ៉ាងមិនបានឆ្លើយតបអ្វីឡើយ។
គួរបញ្ជាក់ថា កូរ៉េខាងជើង នៅដើមសប្តាហ៍នេះ បានឲ្យដឹងថា «ភ្លៀងធ្លាក់ជាកំណត់ត្រា» បានកើតមាននៅតំបន់ព្រំដែនភាគខាងជើងរបស់ខ្លួន ក្បែរប្រទេសចិន កាលពីថ្ងៃទី២៧ ខែកក្កដា ដែលបណ្តាលឲ្យមាន «វិបត្តិធ្ងន់ធ្ងរ ដោយអ្នកស្រុកជាង ៥.០០០នាក់ ត្រូវរស់នៅដាច់ពីគេនៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់»។
កាលពីថ្ងៃទី៣១ ខែកក្កដា ទីក្រុងព្យុងយ៉ាងបាននិយាយថា «អគារសាធារណៈ សម្ភារៈបរិក្ខារ ផ្លូវថ្នល់ និងផ្លូវដែក ក្នុងនោះរួមទាំងផ្ទះលំនៅឋានជាង ៤.១០០ខ្នង និងដីស្រែជិត ៣.០០០ហិកតា» ត្រូវបានជន់លិចនៅតំបន់ភាគខាងជើងនៃទីក្រុង Sinuiju និង Uiju៕