ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានអំពាវនាវទៅគ្រប់វត្តអារាមទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងឱកាសពីបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ដែលជិតឈានចូលមកដល់ខាងមុខនេះ ។
យោងតាមសេចក្តីណែនាំ របស់ក្រសួងធម្មការ និងសាសនា ដែល BTV ទទួលបាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ខណៈបុណ្យកឋិកទាន ចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សេចក្តីណែនាំ បានបន្តថា ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ និងកឋិនទាន ឲ្យដំណើរការ នឹងប្រព្រឹត្តិទៅស្របតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា និងចូលរួមបដិបត្តិតាមសេចក្តីណែនាំនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី តាមសភាពជាក់ស្ដែង នៃទីកន្លែងនីមួយៗ ក្នុងការអនុវត្តវិធានការចាំបាច់នានា សំដៅកាត់ផ្ដាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ក្រសួងសូមធ្វើការណែនាំមួយចំនួន ។
ក្រសួងបានណែនាំ ទៅគ្រប់មន្ទីរធម្មការ គ្រប់រាជធានីខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈ ឲ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ដោយត្រូវអនុវត្តនូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល ត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ រក្សាអនាម័យ លាងដៃនឹងសាប៊ូ ឬអាល់កុល ជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម បុគ្គល ពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ “៣កុំ ៣ការពារ” ។
សេចក្តីណែនាំ បានបន្ថែមថា គ្រប់វត្តអារាមត្រូវរៀបចំសម្អាតបូជនីដ្ឋានស្ដូប កន្លែងតម្កល់អដ្ឋិធាតុងបងប្អូនជនរួមជាតិ ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងតុបតែងលម្អដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បីអបអរសាទរ តាមប្រពៃណីព្រះពុទ្ធសាសនា ៕