
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃសុក្រ (ទី២ ខែសីហា) នេះ បានរាយការណ៍ថា ការវាយប្រហារតាមអាកាសពីសំណាក់យោធារបស់សហភាពមីយ៉ាន់ម៉ា បានធ្លាក់ត្រូវមន្ទីរពេទ្យក្នុងទីក្រុងមួយដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅជិតព្រំដែនប្រទេសចិន ដោយបានសម្លាប់មនុស្សចំនួន ១០នាក់។
ដោយសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារហេតុផលសន្តិសុខ អ្នកស្រុកម្នាក់បានប្រាប់សារព័ត៌មាន AFP ថា នៅវេលាយប់ជ្រៅថ្ងៃទី១ ខែសីហា យន្តហោះយោធាបានធ្វើការវាយប្រហារតាមផ្លូវអាកាសយ៉ាងហោចណាស់ ២ដងលើទីក្រុង Laukkai ដែលជាធម្មតាមានប្រជាជនប្រហែល ២៥.០០០នាក់។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានដកស្រង់សម្តីអ្នកស្រុកម្នាក់ដែលនិយាយថា ជនស៊ីវិល ១០នាក់ បានបាត់បង់ជីវិតក្នុងការវាយប្រហារនោះ។

គួរបញ្ជាក់ថា រដ្ឋ Shan ភាគខាងជើងរបស់មីយ៉ាន់ម៉ា បានរង្គោះរង្គើដោយការប្រយុទ្ធគ្នា ចាប់តាំងពីចុងខែមិថុនាមក នៅពេលដែលសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច បានបន្តការវាយលុកប្រឆាំងនឹងយោធា នៅតាមបណ្តោយផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយទៅកាន់ប្រទេសចិន។
ក្រុមកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានកាន់កាប់ទីក្រុង Laukkai ចាប់តាំងពីខែមករា បន្ទាប់ពីទាហានរដ្ឋាភិបាលជាង ២.០០០នាក់ បានចុះចាញ់នៅទីនោះ ដែលជាការបរាជ័យដ៏ធំបំផុតមួយរបស់យោធា ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
អ្នកនាំពាក្យរបស់ MNDAA លោក Li Jiawen បានប្រាប់សារព័ត៌មាន AFP ថា ការវាយប្រហារតាមអាកាសរបស់យោធា បានធ្លាក់ចំមន្ទីរពេទ្យមួយក្នុងទីក្រុង Laukkai ប៉ុន្តែលោកមិនទាន់មានព័ត៌មានអំពីអ្នកស្លាប់ និងរបួស នៅឡើយទេ។ ចំណែករបបយោធា កំពុងត្រូវបានទាក់ទង ដើម្បីសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការករណីវាយប្រហារនេះ៕