វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី២ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា កិច្ចចរចាដែលអាចកើតមាន ជុំវិញជម្លោះ ក្នុងប្រទេសអ៊ុយក្រែន គឺផ្អែកលើ «គោលការណ៍ខុសគ្នាដាច់ស្រឡះ» ពីការចរចាលើកិច្ចព្រមព្រៀងដោះដូរអ្នកទោសជាមួយលោកខាងលិច ដែលឃើញមនុស្ស ២៤នាក់ត្រូវបានដោះលែង កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែសីហា)។
នៅពេលត្រូវបានសួរថា តើការដោះដូរអ្នកទោសអាចនាំឲ្យមានការចរចា ពាក់ព័ន្ធនឹងអ៊ុយក្រែនដែរ ឬទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រសិនបើយើងនិយាយអំពីបញ្ហាអ៊ុយក្រែន និងបញ្ហាអន្តរជាតិដ៏ស្មុគស្មាញជាង ច្បាស់ណាស់ វាមានគោលការណ៍ខុសគ្នាដាច់ស្រឡះ»។ លោកបានបន្តថា៖ «ការងារនៅទីនោះ គឺធ្វើឡើងក្នុងរបៀបខុសគ្នាទាំងស្រុង»។
មានការចរចាជាផ្លូវការ រវាងអ្នកចរចារុស្ស៊ី និងអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីការវាយលុករបស់រុស្ស៊ីចាប់ផ្ដើម ប៉ុន្តែមិនមានអ្វីកើតឡើងឡើយ ចាប់តាំងពីពេលនោះមក។ តែភាគីទាំង២ មានការទាក់ទងគ្នា ជាញឹកញាប់តាមរយៈអន្តរការី សម្រាប់ការដោះដូរអ្នកទោស ការផ្ទេរអដ្ឋិធាតុទាហាន និងការបញ្ជូនកុមារពីរុស្ស៊ីទៅអ៊ុយក្រែនវិញ។
ប្រទេសអ៊ុយក្រែនកាលពីខែមិថុនា បានរៀបចំកិច្ចប្រជុំកំពូលសន្តិភាព នៅប្រទេសស្វីស ដែលមានការចូលរួមពីតំណាងប្រមាណ ១០០ប្រទេស។ រុស្ស៊ីមិនទទួលបានការអញ្ជើញនោះទេ ហើយចិនដែលជាសម្ព័ន្ធមិត្តសំខាន់របស់រុស្ស៊ី បានបដិសេធមិនចូលរួម។ ប៉ុន្តែអ៊ុយក្រែនបាននិយាយថា ឥឡូវនេះខ្លួនកំពុងរៀបចំផែនការសន្តិភាពលម្អិត នៅខែវិច្ឆិកា ជាមូលដ្ឋានសម្រាប់កិច្ចប្រជុំកំពូលលើកទី២ ដែលខ្លួនបាននិយាយថា រុស្ស៊ីនឹងត្រូវបានអញ្ជើញឲ្យចូលរួម៕