ភ្នំពេញ៖នៅក្នុងសក្ខីកម្មនៃស្មារតីសហគ្រិនភាព ដែលកំពុងរីកចម្រើនក្នុងចំណោមយុវជនកម្ពុជា សហគ្រិនខ្មែរ មានមោទនភាពចំពោះការបើកដំណើរការកម្មវិធី UnipreneurCamp វគ្គទី៣ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៤។
កម្មវិធី Hackathon ដ៏សកម្មនេះ បាននាំយកនិស្សិតដែលមានបំណងក្លាយជាសហគ្រិនចំនួន ២០០នាក់ មកពីសាកលវិទ្យាល័យចំនួន៩ ដែលមានទីស្នាក់ការនិងប្រតិបត្តិការក្នុងខេត្តចំនួន៨ នៅទូទាំងប្រទេសកម្ពុជា រួមមាន សាកលវិទ្យាល័យអង្គរខេមរា (កំពង់ស្ពឺ) វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (កំពង់ស្ពឺ) សាកលវិទ្យាល័យជាតិមានជ័យ (បន្ទាយមានជ័យ) សាកលវិទ្យាល័យជាតិបាត់ដំបង (បាត់ដំបង) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (ទីតាំងគោល) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (ព្រៃវែង) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (កំពង់ចាម) សាកលវិទ្យាល័យស្វាយរៀង (ស្វាយរៀង) និង សាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ (សៀមរាប) ដែលធ្វើឱ្យកម្មវិធីសហគ្រិនមហាវិទ្យាល័យមានអ្នកចូលរូមសរុបទាំងអស់ប្រមាណ ១.០០០នាក់ ក្នុងឆ្នាំ២០២៤ នេះ។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីថ្ងៃនេះយុវសិស្សមានឱកាសបង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។
លោក Kenzaburo Bekku នាយក និងជាអនុប្រធានប្រតិបត្តិនៃវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ មានប្រសាសន៍ថា «ភាពចម្រុះនៃគំនិត និងកម្រិតនៃចំណង់ចំណូលចិត្តដែលបង្ហាញដោយនិស្សិតចូលរួមនៅក្នុង UnipreneurCamp វគ្គទី៣ គឺពិតជាគួរឲ្យកត់សម្គាល់។ តាមរយៈការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ យេីងមានគោលបំណងបំផុសគំនិតសហគ្រិនកម្ពុជាជំនាន់ក្រោយ និងផ្តល់ធនធាន និងការគាំទ្រដែលពួកគេត្រូវការ ដើម្បីប្រែក្លាយគំនិតរបស់ពួកគេទៅជាអាជីវកម្មដែលអាចដំណើរការបាន។»
លោក Rusydi Khairul នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ Reactor School បានមានប្រសាសន៍ថា «ការរៀបចំកម្មវិធី UnipreneurCamp នៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) បានផ្តល់បរិយាកាសដ៏ល្អឥតខ្ចោះ សម្រាប់អ្នកច្នៃប្រឌិតវ័យក្មេងទាំងនេះដើម្បីកសាងសមត្ថភាពឲ្យកាន់តែរឹងមាំ។ វីគីរីរម្យផាញរីស៊ត បានបង្កើតបរិយាកាសបំផុសគំនិត ដែលជំរុញការច្នៃប្រឌិត និងការសហការគ្នាក្នុងចំណោមនិស្សិតចូលរួម។»
ក្នុងរយៈពេលបីថ្ងៃដែលពោរពេញដោយការប្រកួតប្រជែងខ្លាំង និស្សិត ២០០នាក់ បានបង្កើតក្រុមធុរកិច្ចថ្មីចំនួន ៤០ក្រុម ហើយធ្វើការយ៉ាងសកម្មដោយមិននឿយហត់ដើម្បីបង្កើតគំនិតច្នៃប្រឌិតថ្មីដែលដោះស្រាយបញ្ហាប្រឈមក្នុងសង្គមពិតជាច្រើន។ ជាមួយការសម្របសម្រួលដំណើរការកម្មវិធី ពីបុគ្គលឆ្នើមពោរពេញដោយបទពិសោធន៍ អ្នកចូលរួមទទួលបានឱកាសអភិវឌ្ឍជំនាញសហគ្រិនភាពរបស់ពួកគេ រួមមានការសិក្សានិងអនុវត្ត ចាប់ពីការកសាងគំនិតរហូតដល់ ការរចនាផ្តោតលើអ្នកប្រើប្រាស់ វង្វាយតម្លៃគំនិត និងការបង្កើតគុណតម្លៃ និងការធ្វើបទបង្ហាញដោយប្រសិទ្ធភាព។
កម្មវិធីនេះបានបញ្ចប់ជាមួយការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលក្រុមកំពូលៗបានបង្ហាញនូវដំណោះស្រាយប្រកបដោយ ភាពច្នៃប្រឌិតរបស់ពួកគេទៅកាន់គណៈកម្មការ។ ក្រុមដែលទទួលជ័យលាភី មិនត្រឹមតែបានសបញ្ជាក់ពីការយល់ដឹងយ៉ាង ស៊ីជម្រៅអំពី ទីផ្សារគោលដៅរបស់ពួកគេ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយល់ច្បាស់អំពីយុទ្ធសាស្ត្រ និងឧបករណ៍នានា ដែលត្រូវការចាំបាច់ ដើម្បីកែច្នៃគំនិតរបស់ពួកគេទៅជាគម្រោងការជាក់លាក់។
UnipreneurCamp វគ្គទី៣ បានពង្រឹងបន្ថែមទៀតនូវតួនាទីរបស់សហគ្រិនខ្មែរជាកាតាលីករសម្រាប់កំណើន សហគ្រិននៅកម្ពុជា។ តាមរយៈការពង្រីកវិសាលភាពនៃកម្មវិធីនេះ ដើម្បីចូលរួមជាមួយនិស្សិតមកពីទូទាំងប្រទេស សហគ្រិនខ្មែរ បានបង្កើតវេទិកាសម្រាប់យុវជនកម្ពុជា ដើម្បីបង្ហាញពីភាពប៉ិនប្រសប់របស់ពួកគេ និងជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។
នៅពេលដែលប្រទេសកម្ពុជាបន្តប្រកាន់យកនូវវប្បធម៌នៃភាពជាសហគ្រិន ព្រឹត្តិការណ៍ដូចជា UnipreneurCamp នឹងពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះអ្នកច្នៃប្រឌិតក្នុងស្រុក និងអ្នកដឹកនាំអាជីវកម្មជំនាន់ក្រោយ៕









