ភ្នំពេញ ៖ មន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់សាច់បង្កកខុសច្បាប់ និងខូចគុណភាពចំនួន ២តោន ដែលរឹបអូសពីក្រុមឈ្មួញទុច្ចរិតនាពេលថ្មីៗកន្លងទៅនេះ ត្រូវបានយកទៅដុតកម្ទេចចោល នៅទីលានចាក់សំរាមខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ នៅរសៀសថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ។
ទាក់ទងនឹងប្រតិបត្តិការចុះការចាប់ និងដុតកម្ទេចចោលសាច់បង្កកខាងលើនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក ហ៊ុន សារ៉ាត បានប្រាប់ឱ្យដឹងថា ការបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ធ្វើការដុតកម្ទេចចោលផលិតផលសត្វបង្កកចំនួន២០០០គីឡូក្រាម ហើយសម្រាប់សាច់បង្កកនេះគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ និងផ្ទុយពីវិធានការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក្នុងរយៈពេល ៦ ខែ នៃសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ជាក់ស្តែងនៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤នេះ មន្ត្រីជំនាញខាងលើ បាននាំយកសាច់បង្កកខូចគុណភាពដែលប្រមូលបានចំនួន២តោននេះ ទៅកម្ទេចចោលនៅទីលានចាក់សំរាមក្នុងដង្កោ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងបន្តចុះបង្ក្រាប់ និងចុះត្រួតពិនិត្យឆែកឆេនូវទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងៗទៀតជាប្រចាំនៅទូទាំងប្រទេសបន្តទៀត ។
អត្ថបទ ៖ ពៅយី ប្រុស









