កងកម្លាំងក្រុមហេសបូឡា បានបន្តការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងកាំភ្លើងធំ ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ដោយបានធ្វើឲ្យភាពស្ងប់ស្ងាត់រង្គោះរង្គើឡើងវិញ នៅតាមបណ្តោយព្រំដែន បន្ទាប់ពីការសម្លាប់មេបញ្ជាការយោធារបស់ក្រុមនេះ ធ្វើឡើងដោយអ៊ីស្រាអែល។ ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានបាញ់មីស៊ីលពីដីទៅអាកាស តម្រង់យន្តហោះចម្បាំងអ៊ីស្រាអែល ដែលកំពុងហោះហើរក្នុងដែនអាកាសប្រទេសលីបង់កាលពីពេលយប់ ហើយបង្ខំឱ្យយន្តហោះត្រឡប់ក្រោយវិញ។ កងកម្លាំងរបស់ខ្លួន ក៏បានធ្វើការវាយប្រហារដោយកាំភ្លើងធំ និងការវាយប្រហារដោយគ្រាប់រ៉ុក្កែត នៅលើទីតាំងយោធានៅភាគខាងជើងប្រទេសអ៊ីស្រាអែលផងដែរ។
យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានស្ទាក់ចាប់ការដាក់គោលដៅ លើដែនអាកាសដោយជោគជ័យ ដែលបានបាញ់ចេញពីប្រទេសលីបង់ ចូលទៅក្នុងតំបន់ខ្ពង់រាប Golan Heights កាន់កាប់ដោយអ៊ីស្រាអែល។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានឱ្យដឹងថា ការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល បានធ្លាក់ទៅលើភូមិជាច្រើនកន្លែងនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់កម្មករអន្តោប្រវេសន៍ជនជាតិស៊ីរីយ៉ាងតិច៥នាក់ នៅភាគខាងត្បូងប្រទេសលីបង់។
មេដឹកនាំក្រុម ហេសបូឡា លោក Sayyed Hassan Nasrallah បាននិយាយនៅក្នុងសុន្ទរកថា ថា លោកបានបញ្ជាឱ្យស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងទីក្រុងបេរូត(Beirut) កាលពីថ្ងៃអង្គារ ដែលបានសម្លាប់មេបញ្ជាការយោធា លោក Fuad Shukr ។
លោក Nasrallah បាននិយាយថាក្រុមហេសបូឡា នឹងសងសឹក ប៉ុន្តែខ្លួននឹងត្រូវសិក្សាពីអ្វីដែលជាការឆ្លើយតបរបស់ពួកគេ ហើយបើមិនដូច្នេះទេ នឹងបន្តប្រតិបត្តិការយោធាធម្មតារបស់ខ្លួនប្រឆាំងអ៊ីស្រាអែល។
ក្រុមហេសបូឡា និងយោធាអ៊ីស្រាអែល បានធ្វើការបាញ់តគ្នាអស់រយៈពេលជិត១០ខែមកហើយ ស្របគ្នាទៅនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា ដោយការបាញ់តគ្នាទៅវិញទៅមកភាគច្រើនត្រូវបានកំណត់នៅតំបន់ព្រំដែន។ ប៉ុន្តែការវាយប្រហារតាំងពីសប្តាហ៍មុន បានគំរាមកំហែងជម្លោះទៅជាសង្គ្រាមក្នុងតំបន់ពេញលេញ។