ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំឯកសាររួចជាស្រេច ដើម្បីដាក់ប្រាសាទបុរាណខ្មែរដ៏អស្ចារ្យចំនួន២ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។
ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថា នៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២១នេះ ក្រសួងគ្រោងចុះប្រាសាទបុរាណខ្មែរដ៏ចំនួន២ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ មុនគេនៅចុងឆ្នាំ២០១៩ ក្រសួងនឹងដាក់ឯកសារប្រាសាទកោះកេរ្ត៍ និងឆ្នាំ២០២១ក្រសួង ដាក់ឯកសារ ប្រាសាទចំនួនបីក្រុម ដែលជាស៊េរី គឺប្រាសាទបន្ទាយឆ្មា ប្រាសាទបឹងមាលា និងក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ។
បើតាមការបញ្ជាក់របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថា គ្រប់ឯកសារទាំងអស់ដែលក្រសួងដាក់ប្រាសាទ ឬក៏បេតិកភណ្ឌជាតិផ្សេងទៀត ចុះជាសម្បតិ្តបេតិកភណ្ឌពិភពលោក គឺទាមទារឲ្យមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
ប្រសិនបើសម្បតិ្តបេតិកភណ្ឌជាតិនោះទទួលបានជោគជ័យ ក៏ជាជោគជ័យរបស់ជាតិ ហើយការដាក់ប្រាសាទបុរាណខ្មែរ ជាសម្បតិ្តបេតិកភណ្ឌពិភពលោកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តបានគាំទ្រយ៉ាងខ្លាំងបំផុត៕