បន្ទាយមានជ័យ ៖ ដោយគិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យ បានកត់ត្រាចំនួននៃអ្នកវិជ្ជមានកូវីដ១៩ ក្នុងតួលេខខ្ពស់ រហូតដល់ជិត ២ម៉ឺនករណី ខណៈខេត្តមួយនេះ ក៏បានរកឃើញអ្នកឆ្លងវីរុសប្រភេទបំប្លែងថ្មីដែលតា (Delta) ចំនួនជាង ៥០០ករណីផងដែរ ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅខេត្តបន្ទាយមានជ័យ មានករណីស្ត្រីមានផ្ទៃពោះ ហើយបានឆ្លងជំងឺកូវីដ១៩ ដោយត្រូវធ្វើការវះកាត់ចំនួន៧ករណី ហើយមានអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលតាមផ្ទះចំនួន៧៧នាក់ ។
លោក បានបន្តថា ដោយចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩ ០៧០ ក្នុងនោះភាគច្រើនអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងពលករត្រឡប់មកពីប្រទេសថៃ បានព្យាបាលជាសះស្បើយ ចំនួន១៤ ៤២៣នាក់ ស្លាប់ចំនួន១៤៧នាក់ ហើយក៏មានបុគ្គលិកសុខាភិបាលចំនួន ៣២នាក់ បានឆ្លងជំងឺនេះផងដែរ ។
បើយោងសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលកាល ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅកម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា ចំនួន២ ៦៤៧ករណី ក្នុងនោះខេត្តបន្ទាយមានជ័យ បានរកឃើញ ៥២៦ករណី ឈរនៅលេខរៀងទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានរកឃើញរហូតដល់ចំនួន ៩១៤ករណី ។
ក្នុងកិច្ចប្រជុំដើម្បីពង្រឹងការងាររបស់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជំងឺកូវីដ១៩ នៅតែបន្តឆ្លងរាលដាល តាមសហគមន៍នៅក្នុងខេត្ត និងនៅទីប្រជុំជនផ្សារផ្សេងៗគួរឲ្យព្រួយបារម្ភ ដូចនេះ សូមមន្ត្រីសុខាភិបាល ត្រូវបន្តខិតខំប្រឹងប្រែងបម្រើលើការព្យាបាលអ្នកជំងឺនេះឲ្យបានល្អ និងគោរពតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកាន់តែខ្លាំងថែមទៀត ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យទាំងអស់ និងដៃគូនានា ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ក្នុងការគ្រប់គ្រងព្យាបាលអ្នកជំងឺទូទៅ ពិសេសព្យាបាលអ្នកជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមខ្លាំង ៕
អត្ថបទ ៖ សុខរិទ្ធ