ការិយាល័យតំណាងរបស់សហភាពអឺរ៉ុបក្នុងដែនដីប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសុក្រ ទី២ សីហា ថា កាលពីឆ្នាំមុន អ៊ីស្រាអែល បានរុលចូលទីតាំងលំនៅច្រើនបំផុត នៅតំបន់កាន់កាប់ West Bank ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុង Oslo ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។
ការិយាល័យសហភាពអឺរ៉ុប បាននិយាយថា ផែនការសម្រាប់លំនៅឋានចំនួន ១២.៣៤៩ខ្នង បានឈានឆ្ពោះទៅរកការអនុម័តនៅក្នុងតំបន់ West Bank ដោយបានព្រមានអំពីផលប៉ះពាល់លើដំណោះស្រាយរដ្ឋពីរ ដែលមានសក្តានុពលសម្រាប់ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ការិយាល័យសហភាពអឺរ៉ុប បាននិយាយថា លំនៅឋានចំនួន ១៨.៣៣៣ខ្នងផ្សេងទៀត បានឈានទៅមុខក្នុងដំណើរការរៀបចំផែនការ នៅក្នុងទីក្រុងហ្សេរុយសាឡឹមខាងកើតដែលបានភ្ជាប់ឧបសម្ព័ន្ធ។
ការិយាល័យនិយាយថា សរុប លំនៅឋានចំនួន៣០.៦៨២ខ្នងនៅតំបន់ West Bank និងទីក្រុងហ្សេរុយសាឡឹមខាងកើត គឺខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១២ មក។
របាយការណ៍នេះ កើតឡើងក្នុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅតំបន់ West Bank និងទីក្រុងហ្សេរុយសាឡឹមខាងកើត ជុំវិញសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលបានផ្ទុះរាលដាលចាប់តាំងពីថ្ងៃទី ៧ ខែតុលា។
ការិយាល័យសហភាពអឺរ៉ុប បាននិយាយថា សហភាពអឺរ៉ុបបានអំពាវនាវដដែលៗដល់អ៊ីស្រាអែល កុំឱ្យបន្តផែនការក្រោមគោលនយោបាយទីតាំងលំនៅរបស់ខ្លួន និងបញ្ឈប់សកម្មភាពតាំងលំនៅទាំងអស់។
វានៅតែជាជំហរដ៏រឹងមាំរបស់សហភាពអឺរ៉ុប ដែលថា ការតាំងទីលំនៅបែបនេះគឺជារឿងខុសច្បាប់ ស្ថិតនៅក្រោមច្បាប់អន្តរជាតិ។