ពិធីបុណ្យសពរបស់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh បានធ្វើឡើងក្នុងប្រទេសកាតាកាលពីថ្ងៃសុក្រ បន្ទាប់ពីការធ្វើឃាតរបស់លោក កាលពីបីថ្ងៃមុននៅក្នុងរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ដែលជាការសម្លាប់មេដឹកនាំជាន់ខ្ពស់ជាបន្តបន្ទាប់ នៅក្នុងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ខណៈសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ផ្ទុះឡើង។
អ្នកកាន់ទុក្ខ ចូលរួមពិធីនៅក្នុងវិហារអ៊ីស្លាមដ៏ធំមួយ នៅភាគខាងជើងរដ្ឋធានី Doha រួមមាន លោក Khaled Meshaal ដែលត្រូវបានគេសន្មត់ថាជាមេដឹកនាំក្រុមហាម៉ាសថ្មី។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសផ្សេងទៀត និងលោក Emir Sheikh Tamim bin Hamad al-Thani នាយករដ្ឋមន្ត្រីប្រទេសកាតា ក៏បានចូលរួមផងដែរ។
សពរបស់លោកនឹងត្រូវបានគេបញ្ចុះនៅទីបញ្ចុះសពក្នុងទីក្រុង Lusail ភាគខាងជើងទីក្រុង Doha។
មឈូសរបស់ លោក Haniyeh ដែលមានទង់ជាតិប៉ាឡេស្ទីន ត្រូវបានគេដង្ហែរឆ្លងកាត់វិហារអ៊ីស្លាម ឆ្លងកាត់មនុស្សរាប់រយនាក់ រួមជាមួយនឹងមឈូសរបស់អង្គរក្សរបស់លោក ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតែមួយនៅទីក្រុងតេអេរ៉ង់។
លោក Izzat al-Rishq សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានអំពាវនាវដល់ប្រជាជនឲ្យបួងសួងដល់វិញ្ញាណក្ខន្ធលោក នៅគ្រប់វិហារឥស្លាមជុំវិញពិភពលោក។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សូមឱ្យថ្ងៃនេះ ជាថ្ងៃនៃកំហឹងដ៏លើសលប់ ដែលបរិហារលើឧក្រិដ្ឋកម្មឃាតកម្ម និងបដិសេធការប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស លោក Khalil Al-Hayya បាននិយាយក្នុងសន្និសីទសារព័ត៌មាន ដោយដកស្រង់សម្តីសាក្សី ថា លោក Haniyeh ត្រូវបានសម្លាប់ដោយមីស៊ីលដែលបានវាយប្រហារលោកដោយផ្ទាល់ នៅក្នុងផ្ទះសំណាក់រដ្ឋ ក្នុងទីក្រុង តេអេរ៉ង់ ជាកន្លែងដែលលោកបានស្នាក់នៅ។ អ៊ីរ៉ង់ និងក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែល ថាបានអនុវត្តឃាតកម្មនេះ ហើយបានសន្យាថានឹងសងសឹកសត្រូវរបស់ពួកគេ។