ក្រុមបាតុករ បានចាប់ផ្តើមការបាញ់ប្រហារនៅទីក្រុងសាន់ឌឺលែន(Sunderland) កាលពីថ្ងៃសុក្រ ទី២ ខែសីហា ខណៈអំពើហិង្សាបន្ទាប់ពីការសម្លាប់កុមារបីនាក់ កាលពីថ្ងៃចន្ទនៅភាគពាយព្យ ចក្រភពអង់គ្លេស ដែលបានរាលដាលដល់ទីក្រុងភាគខាងជើងមួយផ្សេងទៀត។
ប្រព័ន្ធផ្សព្វផ្សាយBBC បាននិយាយថា ក្រុមបាតុករប្រឆាំងជនអន្តោប្រវេសន៍ បានគប់ដុំថ្មទៅលើនគរបាលមានឧបករណ៍បង្ក្រាបកុបកម្ម នៅជិតវិហារឥស្លាមមួយកន្លែងនៅក្នុងទីក្រុង មុនពេលក្រឡាប់និងដុតរថយន្ត និងចាប់ផ្តើមបង្កអគ្គិភ័យ នៅក្បែរការិយាល័យនគរបាល។
បាតុកម្មនៅទីក្រុង Sunderland គឺជាផ្នែកមួយនៃផែនការជាច្រើនធ្វើឡើងដោយក្រុមបាតុករប្រឆាំងអន្តោប្រវេសន៍ នៅទូទាំងចក្រភពអង់គ្លេស នៅចុងសប្តាហ៍នេះ រួមទាំងនៅតំបន់ជុំវិញវិហារអ៊ីស្លាមយ៉ាងតិចចំនួនពីរកន្លែងក្នុងទីក្រុង Liverpool ជាទីក្រុងជិតបំផុតកន្លែងដែលកុមារ៣នាក់ត្រូវបានសម្លាប់។ ការតវ៉ាប្រឆាំងការរើសអើងជាតិសាសន៍ជាច្រើន ត្រូវបានគ្រោងទុក ផងដែរ។
ក្រុមបាតុករប្រឆាំងការរើសអើងជាតិសាសន៍ បានមកប្រមូលផ្តុំគ្នានៅវិហារអ៊ីស្លាម Abdullah Quilliam ក្នុងទីក្រុង Liverpool ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីក្រុមស្តាំនិយម បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមនៅ Southport ។
បាតុកម្មត្រូវបានគេមើលឃើញដោយការប៉ះទង្គិចគ្នារវាងក្រុមបាតុករ ជាមួយនឹងមន្ត្រីរាប់សិបនាក់ ដែលកំពុងរក្សាសណ្តាប់ធ្នាប់ និងបំបែកការផ្ទុះអំពើហិង្សា។
ក្រុមមន្ត្រីបាននិយាយថា នគរបាលអង់គ្លេស បានចេញធ្វើប្រតិបត្តិការកាលពីថ្ងៃសុក្រ នៅទូទាំងប្រទេស ហើយវិហារអ៊ីស្លាមកំពុងរឹតបន្តឹងសន្តិសុខ។
ក្មេងវ័យជំទង់ Axel Rudakubana អាយុ ១៧ ឆ្នាំ បានបង្ហាញខ្លួននៅក្នុងតុលាការអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់ពីបទឃាតកម្មលើក្មេងស្រីបីនាក់ ក្នុងការវាយប្រហារដោយកាំបិតនៅក្រុង Southport។