ក្រុមប្រឹក្សាបោះឆ្នោតរបស់ប្រទេសវេណេស៊ុយអេឡា បានប្រកាសថា ប្រធានាធិបតី លោក Nicolas Maduro ដែលកាន់អំណាចតាំងពីឆ្នាំ ២០១៣ មក ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា។ ប៉ុន្តែក្រុមប្រឆាំងរបស់ប្រទេសនេះ និយាយថា ចំនួនសំឡេងឆ្នោតប្រហែល ៩០% បង្ហាញថាបេក្ខជនរបស់ខ្លួន លោក Edmundo Gonzalez ទទួលបានការគាំទ្រច្រើនជាងពីរដងពីប្រធានាធិបតីដែលកំពុងកាន់អំណាច ស្របតាមការស្ទង់មតិឯករាជ្យដែលបានធ្វើឡើង មុនការប្រកួតប្រជែង។
ប្រធានក្រុមប្រឹក្សាបោះឆ្នោតរបស់ប្រទេសវ៉េណេស៊ុយអេឡា លោក Elvis Amoroso បាននិយាយកាលពីថ្ងៃសុក្រ ថា ជិត៩៧% នៃសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅ បច្ចុប្បន្ន ត្រូវបានបូកសរុប និងបញ្ជាក់ឡើងវិញនូវអ្វីដែលលោកបាននិយាយថា គឺជាជ័យជម្នះរបស់ប្រធានាធិបតី លោក Nicolas Maduro ទទួលបាន៥២% ។
ទន្ទឹមនឹងនេះ គេហទំព័ររបស់អាជ្ញាធររៀបចំការបោះឆ្នោត បានបិទតាំងពីថ្ងៃចន្ទ ហើយរដ្ឋាភិបាលបានស្តីបន្ទោសការវាយប្រហារតាមអ៊ីនធឺណិត។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានរិះគន់បេក្ខជនប្រធានាធិបតីបក្សប្រឆាំង លោក Edmundo Gonzalez ចំពោះការខកខានក្នុងការបង្ហាញចំនួនសន្លឹកឆ្នោតសរុបរបស់លោក ទៅកាន់តុលាការយុត្តិធម៌កំពូល (TSJ) ។
តុលាការយុត្តិធម៌កំពូល កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា បានទទួលយកសំណើរបស់ប្រធានាធិបតីលោក Nicolas Maduro សម្រាប់បេក្ខជនប្រធានាធិបតីទាំងអស់ដើម្បីបង្ហាញពីចំនួនសន្លឹកឆ្នោតរបស់ពួកគេ ខណៈមានភាពចម្រូងចម្រាសអំពីលទ្ធផលបោះឆ្នោត កាលពីចុងសប្តាហ៍មុន ដែលបានអូសបន្លាយពេល។
លោក Maduro និងបេក្ខជនប្រធានាធិបតី៨នាក់ផ្សេងទៀត បានអនុវត្តតាមសំណើដើម្បីចុះហត្ថលេខាលើឯកសារ។