យោងតាមតួលេខរបស់រដ្ឋាភិបាលបានឱ្យដឹងថា មនុស្ស៣នាក់បានស្លាប់ដោយសាភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង ដែលបានវាយប្រហារនៅភាគកណ្តាលប្រទេសឈីលី។
ភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង បង្កការបំផ្លិចបំផ្លាញនៅទូទាំងប្រទេសឈីលី ទឹកទន្លេពេញហៀរច្រាំងហូរជន់លិចផ្ទះសម្បែង ផ្តួលរំលំដើមឈើ និងបង្គោលអគ្គិសនី។
នៅទីក្រុង គូរ៉ានីឡាហូ(Curanilahue) ភាគខាងត្បូង អាជ្ញាធរបានជួយសង្គ្រោះប្រជាជនឲ្យចាកចេញពីផ្ទះនិងផ្លូវថ្នល់ជន់លិចដោយទឹកជំនន់ បន្ទាប់ពីភ្លៀងធ្លាក់ក្នុងកម្រិត២២៦ មីលីម៉ែត្រនៅក្នុងតំបន់ទីក្រុង និង២៨០ មីលីម៉ែត្រនៅតំបន់ជនបទ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ភ្លៀង និងខ្យល់បក់ បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងបណ្តាញទូរស័ព្ទ ព្រមទាំងមានការបិទសាលារៀននៅក្នុងតំបន់។
ទន្ទឹមនឹងនេះ នៅក្នុងតំបន់ទីប្រជុំជន Santiago ភ្លៀងបានចាប់ផ្តើមធ្លាក់កាលពីថ្ងៃសុក្រ ខណៈ ល្បឿនខ្យល់បក់ខ្លាំងជាង១២០គីឡូម៉ែត្រក្នុងមួយម៉ោង ក៏ត្រូវបានកត់ត្រានៅក្នុងតំបន់នេះផងដែរ ដែលបណ្តាលឱ្យដើមឈើបាក់រលំលើបង្គោលភ្លើង និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី។