រដ្ឋមន្ត្រីស៊ើបការណ៍អ៊ីរ៉ង់ លោក Esmail Khatib កាលពីថ្ងៃសុក្រ (ទី២ ខែសីហា) បាននិយាយថា «ការធ្វើឃាតរបស់អ៊ីស្រាអែល» លើប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស គឺលោក Ismail Haniyeh «មានការយល់ព្រមពីសហរដ្ឋអាមេរិក»។
ហើយនៅថ្ងៃសុក្រនោះផងដែរ រដ្ឋមន្ត្រីការបរទេសស្តីទីអ៊ីរ៉ង់ លោក Ali Bagheri Kani បានព្រមានអំពីផលវិបាកផ្នែកនយោបាយ និងសន្តិសុខពី «អំពើឧក្រិដ្ឋកម្ម» នៃការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ នៅក្នុងការវាយប្រហារដែលបានចោទប្រកាន់នោះ ដោយសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ ប្រាកដណាស់ នឹងប្រើប្រាស់ «សិទ្ធិផ្ទាល់ខ្លួន និងស្របច្បាប់ ទាំងដើម្បីការពារខ្លួនឯង និងដើម្បីដាក់ទណ្ឌកម្ម» អ៊ីស្រាអែល។
គួរបញ្ជាក់ថា បើយោងតាមកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា លោក Haniyeh ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ គឺលោក Masoud Pezeshkian កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ត្រូវបានសម្លាប់រួមជាមួយនឹងអង្គរក្សរបស់លោក កាលពីព្រឹកថ្ងៃពុធ នៅពេលដែលគេហដ្ឋានរបស់មេដឹកនាំរូបនេះ ក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានរងគ្រោះដោយការវាយប្រហារតាមអាកាស។ កងឆ្មាំបដិវត្តន៍នេះ បានចោទថា អ៊ីស្រាអែលបានធ្វើការវាយប្រហារនេះ ហើយបានប្ដេជ្ញាថា នឹង «ឆ្លើយតបយ៉ាងធ្ងន់ធ្ងរ និងប្រកដោយការឈឺចាប់» វិញជាមិនខាន។
តែយ៉ាងណាក្ដី មកទល់ពេលនេះ អ៊ីស្រាអែល ទាំងមិនបានបដិសេធ ឬបញ្ជាក់ពីការជាប់ពាក់ព័ន្ធរបស់ខ្លួន ក្នុងការវាយប្រហារនេះឡើយ៕