អំពើកុបកម្មបានផ្ទុះឡើង កាលពីល្ងាចថ្ងៃសុក្រ (ទី២ ខែសីហា) នៅទីក្រុង Sunderland ភាគឦសានប្រទេសអង់គ្លេស ជាកន្លែងដែលនគរបាលបាននិយាយថា ក្រុមមន្ត្រីប្រឈមនឹង «កម្រិតអំពើហិង្សាធ្ងន់ធ្ងរ និងបន្តមានឥតស្រាក» ដែលជាភាពចលាចលចុងក្រោយបង្អស់ ទាក់ទងនឹងការចាក់មនុស្សជាច្រើន នៅដើមសប្តាហ៍នេះ ដែលបានសម្លាប់ក្មេងស្រី ៣នាក់។
ស្នងការនគរបាលតំបន់ Northumbria លោកស្រី Helena Barron បានប្រាប់ឲ្យដឹងថា មនុស្សចំនួន ៨នាក់ត្រូវបានចាប់ខ្លួន ហើយមន្ត្រីចំនួន ៣នាក់ ត្រូវបញ្ជូលទៅមន្ទីរពេទ្យ បន្ទាប់ពីមានភាពច្របូកច្របល់ «ដ៏អាក្រក់បំផុត» អស់រយៈពេលជាច្រើនម៉ោង។ លោកស្រីបានបន្ថែមថា មន្ត្រី ២នាក់ នៅតែសម្រាកព្យាបាលនៅមន្ទីរពេទ្យដដែល នាព្រឹកថ្ងៃសៅរ៍ (ទី៣ ខែសីហា) នេះ។
វីដេអូដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ BBC បានបង្ហាញឲ្យឃើញពីក្រុមមនុស្សរាប់រយនាក់ ដែលកំពុងបង្កភាពចលចលនៅកណ្តាលទីក្រុង Sunderland ដោយវាយប្រហារនគរបាល និងដុតរថយន្តយ៉ាងហោចណាស់ ១គ្រឿង និងអគារមួយខ្នងនៅជាប់ការិយាល័យនគរបាល។ រូបភាពផ្សេងទៀតដែលត្រូវបានចែករំលែក នៅលើបណ្ដាញសង្គម បានបង្ហាញឃើញពួកយុវជនពាក់ស្រោមមុខគប់ដុំឥដ្ឋ និងដុតកាំជ្រួចផ្សេងទៀត។
គួរបញ្ជាក់ថា ភាពច្របូកច្របល់នេះបានកើតឡើង ក្នុងខណៈពេលដែលនគរបាលអង់គ្លេសទូទាំងប្រទេស បានរៀបចំត្រៀមសម្រាប់ការគ្រោងទុកនូវការប្រមូលផ្តុំរបស់ក្រុមស្តាំនិយមជ្រុល និងបាតុកម្មផ្សេងទៀត នៅចុងសប្តាហ៍នេះ បន្ទាប់ពីមានភាពចលាចលរយៈពេល ២យប់ នៅក្នុងទីក្រុងទាំងតូចទាំងធំជាច្រើនរបស់អង់គ្លេស ដោយការតវ៉ានេះកើតឡើងក្រោយមានហេតុការណ៍វាយប្រហារដោយចាក់នឹងកាំបិត កាលពីថ្ងៃទី២៩ ខែកក្កដា៕