អ្នកមានសំណាងរួចជីវិតពីគ្រោះមហន្តរាយបំណាក់ដី នៅក្នុងរដ្ឋ Kerala ដែលជារដ្ឋឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសឥណ្ឌា បានគិតថា ពួកគេប្រឈមនឹងអនាគតមិនច្បាស់លាស់ ខណៈពេលកំពុងជ្រកកោននៅជំរុំសង្គ្រោះមួយ កាលពីថ្ងៃសុក្រ (ទី២ ខែសីហា) បន្ទាប់ពីសោកនាដកម្មនេះ បានបំផ្លាញអ្វីៗគ្រប់យ៉ាងដែលពួកគេមាន។
បំណាក់ដីដែលបានកើតឡើងដោយមិននឹកស្មានដល់ នៅពាក់កណ្តាលអធ្រាត្រ នាថ្ងៃអង្គារ (ទី៣០ ខែកក្កដា) បានធ្វើឲ្យអ្នកស្រុកជាច្រើននៅតែភាន់ភាំងស្មារតី ខណៈដែលកំពុងកាន់ទុក្ខសាច់ញាតិរបស់ខ្លួនដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍នេះ។
ស្ត្រីម្នាក់ឈ្មោះ Geetha វ័យ ៤៦ឆ្នាំ ជាម្តាយនៃកូន ២នាក់ បាននិយាយថា គ្រោះមហន្តរាយនេះ បានបំផ្លាញផ្ទះរបស់នាង ខណៈដែលនាងបានបាត់បង់ផ្ទះដែលនាងពិពណ៌នាថា ជាលំនៅឋានដ៏វិសេស។
នៅទីក្រុង Meppadi រដ្ឋ Kerala អ្នកកាន់ទុក្ខ បានជួបជុំគ្នា នៅកន្លែងបញ្ចុះសពក្បែរវិហារឥស្លាម ក្នុងតំបន់ ដោយធ្វើការបួងសួងដល់ជនរងគ្រោះ។ សមាជិកក្រុមគ្រួសារដែលរំជួលចិត្តខ្លាំង បាននាំគ្នាយំខ្សឹកខ្សួល ខណៈដែលពួកគេកាន់ទុក្ខមនុស្សជាទីស្រឡាញ់ដែលឃ្លាតឆ្ងាយពីពួកគេជារៀងរហួត។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង នៅរដ្ឋ Kerala ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសឥណ្ឌា បានបង្កជាបំណាក់ដី នៅតំបន់ភ្នំនៃស្រុក Wayanad កាលពីព្រឹកថ្ងៃអង្គារ ដោយបានធ្វើឲ្យមានល្បាប់ភក់ ទឹក និងផ្ទាំងថ្មបាក់ធ្លាក់ពីលើភ្នំ ហើយនិងកប់ ឬហូរនាំយកមនុស្សរហូតបណ្ដាលឲ្យស្លាប់ ខណៈដែលពួកគេកំពុងដេកលក់។
អាជ្ញាធរបានឲ្យដឹងថា គ្រោះមហន្តរាយនេះ ដែលជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត នៅក្នុងរដ្ឋ Kerala គិតចាប់តាំងពីមានទឹកជំនន់ធំ ក្នុងឆ្នាំ២០១៨ មកនោះ បានបណ្ដាលឲ្យមនុស្សចំនួន ២០៥នាក់បាត់បង់ជីវិត និងជិត ២០០នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។ ចំណែកទូរទស្សន៍ក្នុងស្រុក Asianet បានផ្សព្វផ្សាយថា មានអ្នកស្លាប់មិនតិចជាង ៣០០នាក់នោះឡើយ។ ហើយសោកនាដកម្មនេះក៏បានធ្វើឲ្យមនុស្សរាប់រយនាក់គ្មានផ្ទះសម្បែងផងដែរ ដោយមនុស្សជាង ៨.០០០នាក់ បានជ្រកកោន នៅក្នុងជំរុំសង្គ្រោះ៕