នគរបាលបានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៣២នាក់ បានបាត់បង់ជីវិត និង ៦៣នាក់ បានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកនៅលើឆ្នេរដ៏ពេញនិយមមួយ ក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃសុក្រ (ទី២ ខែសីហា) ជាការវាយប្រហារមួយដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋសូម៉ាលីដាក់ការទទួលខុសត្រូវទៅលើក្រុមសកម្មប្រយុទ្ធអ៊ីស្លាម al Shabaab។
នេះគឺជាការវាយប្រហារដែលបានបណ្ដាលឲ្យមានស្លាប់ច្រើនបំផុត នៅក្នុងប្រទេសតំបន់ស្នែងអាហ្វ្រិក (Horn of Africa) គិតចាប់តាំងពីមានការបំផ្ទុះរថយន្តភ្លោះ នៅជិតផ្លូវប្រសព្វរបស់ផ្សារដ៏មមាញឹកមួយ កាលពីខែតុលា ឆ្នាំ២០២២ ដែលហេតុការណ៍នាពេលនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០នាក់ និងរបួស ៣០០នាក់ផ្សេងទៀត។
ភ្លាមៗនេះ មិនទាន់មានការអះអាងទទួលខុសត្រូវនៅឡើយទេពីក្រុម al Shabaab ដែលមានទំនាក់ទំនងនឹងក្រុមអាល់កៃដា និងដែលធ្លាប់បានអះអាងការវាយប្រហារស្រដៀងគ្នា កាលពីមុន ក្នុងនោះរួមទាំងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកក្នុងរថយន្តឆ្នាំ២០២២ ផងដែរ។
អ្នកនាំពាក្យនគរបាល Abdifatah Aden បានផ្តល់ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បំផ្ទុះនេះ កាលពីល្ងាចថ្ងៃសុក្រ នៅភោជនីយដ្ឋានឆ្នេរមួយ។ ក្រៅពីការស្លាប់របស់ជនស៊ីវិល លោក Aden បាននិយាយថា អ្នកវាយប្រហារម្នាក់ បានបំផ្ទុះខ្លួនឯង ខណៈ ៣នាក់ផ្សេងទៀត ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ។ ចំណែកអ្នកវាយប្រហារម្នាក់ទៀត ត្រូវបានចាប់ខ្លួនទាំងរស់ ខណៈទាហានម្នាក់ត្រូវបានសម្លាប់ ក្នុងពេលមានការវាយប្រហារនោះ។
ដោយឡែក ទីភ្នាក់ងារព័ត៌មានរដ្ឋ SONNA បានរាយការណ៍នៅមុននេះថា អ្នកវាយប្រហាររបស់ក្រុម al Shabaab ៥នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ខណៈអ្នកទី៦ បានបំផ្ទុះខ្លួនឯង នៅពេលធ្វើការវាយប្រហារ៕