ទូរទស្សន៍ជាតិ NHK បានរាយការណ៍ថា ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានចុះចតបន្ទាន់នៅវាលស្រែ ភាគនិរតីនៃទីក្រុងតូក្យូ នាថ្ងៃសៅរ៍ (ទី៣ ខែសីហា) នេះ ខណៈដែលហេតុការណ៍នោះមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។
ទូរទស្សន៍ NHK បានរាយការណ៍ថា មិនមានការខូចខាតអ្វីឡើយពីការចុះចតដោយប្រញាប់ប្រញាល់នោះ ក្នុងខេត្ត Kanagawa នៅមុនម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុក។ ឧទ្ធម្ភាគចក្រដែលមាននាវិកចំនួន ១២នាក់ និងមានសញ្ញាសម្គាល់កងទ័ពជើងទឹក បានហោះឡើងម្តងទៀតប្រហែល ១ម៉ោង និង ៤០នាទីក្រោយមក។
ទូរទស្សន៍នេះបានបន្ថែមថា យោធាអាមេរិកបានប្រាប់ថា ឧបទ្ទវហេតុនេះបណ្ដាលមកពីបញ្ហាម៉ាស៊ីន ប៉ុន្តែមិនបានផ្តល់ការពន្យល់បន្ថែមនោះទេ។ ការទូរស័ព្ទទៅកងទ័ពជើងទឹកអាមេរិក ក្នុងប្រទេសជប៉ុន ដើម្បីសុំការអត្ថាធិប្បាយ មិនត្រូវបានឆ្លើយតបឡើយ៕