សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលមិនដែលព្រងើយកន្តើយអំពី កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឡើយ។
តាមរយៈសំណេរនៅលើបណ្តាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់តាមរយៈរូបថតបង្ហោះលើបណ្តាញសង្គម ដែលបានថតកាលពីអំឡុងឆ្នាំ២០១៧ ក្នុងខណៈដែល សម្តេចធិបតី បានចុះទៅពិនិត្យភូមិសាស្ត្រដើម្បីកសាងប្រៀបការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួននៅក្នុងតំបន់អូរអាឡៃ (ខេត្តស្ទឹងត្រែង) ជាប់ព្រំដែនឡាវ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីតំបន់នោះ មកតំបន់ផ្ទៃក្នុង នៃខេត្តស្ទឹងត្រែង។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងនាមជាប្រតិបត្តិករមួយរូបដែលបានចូលរួមដោយផ្ទាល់ នៅក្នុងសកម្មភាពជាច្រើនក្នុងកិច្ចការពង្រឹងប្រៀបការពារជាតិនៅតាមបណ្តោយព្រំដែន សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលមិនដែលព្រងើយកន្តើយអំពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឡើយ។
