អំពើហិង្សាជាថ្មីនៅតាមដងផ្លូវក្នុងទីក្រុងនានារបស់អង់គ្លេសកាលពីថ្ងៃសៅរ៍ ទី៣ ខែសីហា បានធ្វើឱ្យមន្ត្រីនគរបាលជាច្រើននាក់រងរបួស ខណៈពួកគេប្រឈមភាពចលាចលថ្ងៃទី ៤ បន្ទាប់ពីឃាតកម្មលើក្មេងស្រីវ័យក្មេងបីនាក់ នៅភាគពាយព្យអង់គ្លេសកាលពីដើមសប្តាហ៍នេះ។

ហាងស្បែកជើងមួយកន្លែងនៅឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង ហ៊ុល (Hull) ត្រូវបានដុតបំផ្លាញស្របពេលមានអំពើហិង្សារាលដាលកាន់តែខ្លាំង ខណៈនគរបាលបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ានៅទីក្រុង ប្រ៊ីស្តូល (Bristol) ភាគនិរតី។

ក្រុមអាជ្ញាធរនៅទីក្រុងហ៊ុល (Hull) បាននិយាយថា មនុស្ស ៤ នាក់ត្រូវបានចាប់ខ្លួន និងមន្ត្រី៣ នាក់បានរងរបួស ខណៈកំពុងដោះស្រាយការតវ៉ាដែលបានគប់ដបលើកងកម្លាំងនគរបាល។
កុបកម្មដែលពាក់ព័ន្ធនឹងក្រុមបាតុករប្រឆាំងអន្តោប្រវេសន៍រាប់រយនាក់បានផ្ទុះឡើងនៅក្នុងទីក្រុងតូចធំជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីព័ត៌មានមិនពិតបានរាលដាលយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ថាជនសង្ស័យក្នុងការវាយប្រហារដោយកាំបិតកាលពីថ្ងៃចន្ទនៅឯថ្នាក់បង្រៀនរាំសម្រាប់កុមារនៅ ទីក្រុង Southport គឺជាជនអន្តោប្រវេសន៍មូស្លីមជ្រុលនិយម៕