ក្រុមយុវជនសង្គមស៊ីវិលរួមជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង មន្ត្រីក្រសួងបរិស្ថាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តមហាមន្ត្រីជា៣០០នាក់ បានជួបជុំប្រារព្ធពិធីការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមលើកទី១៥ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង និងខ្មែរធ្វើបាន»។
ការប្រារព្ធពិធីនេះឡើង ដោយមានដាំកូនឈើជាច្រើនដើម នៅក្នុងបរិវេណសាលារៀនបឋមសិក្សាវត្តមហាមន្ត្រីនាវេលាព្រឹកថ្ងៃទី៣ សីហាឆ្នាំ ២០២៤ នេះ។
លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល បានថ្លែងថា កម្មវិធីការ ចែករំលែក ក្តីស្រឡាញ់ និងស្នាមញញ្ញឹមនេះ គឺអនុវត្តស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ។ ពិសេសគោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡា និង ក្រសួងបរិស្ថាន ស្តី អំពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និង ដាំកូន ឈើ១ លានដើម ក្នុងមួយឆ្នាំដើម្បីប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ លោក គង់ សៀកលី អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួង បរិស្ថានបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់យុវជន សហការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ ក្នុងការចែករំលែកការស្រឡាញ់ និងការអប់រំបរិស្ថាន រួមជាមួយពិធីដាំកូនឈើនៅតាមសាលារៀននេះជាពិសេសជាមួយសិស្សានុសិស្សដើម្បីបង្កើតសកម្មភាពមេត្រីបរិស្ថាន ជាពិសេសបានចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹង ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតសំខាន់លើមុំយុទ្ធសាស្រ្តបីសំខាន់គឺ ភាពស្អាត ភាពបៃតង និងចីរភាព។
ក្នុងឱកាសនោះលោក ហេង សំណាង ក៏បានផ្តាំផ្ញើរនិងណែនាំដល់សិស្សានុសិស្សទាំងអស់ក្រៅពីចូលរួមធ្វើអំពើល្អក្នុងសង្គមក៏ត្រូវខិតខំរៀនសូត្របន្ថែមនៅផ្ទះដោយខ្លួនឯង ដើម្បីក្លាយជាសិស្សគំរូ យុវជនគំរូ និងមានអនាគតល្អសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា៕ អត្ថបទ៖ ភារម្យ











