ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាស បាននិយាយថា នៅតំបន់ហ្កាហ្សាស្ទ្រីប មនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ ថ្ងៃទី៣ ខែសីហា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសាលារៀនមួយកន្លែងសម្រាប់ជនភៀសខ្លួននៅក្នុងសង្កាត់សេកវ៉ាត់វ៉ាន់ ( Sheikh Radwan) នៃទីក្រុងហ្កាហ្សា។

យោធាអ៊ីស្រាអែលបាននិយាយថា សាលានេះត្រូវបានប្រើជាមជ្ឈមណ្ឌលបញ្ជាការសម្រាប់ក្រុមហាម៉ាស ដើម្បីលាក់ក្រុមសកម្មប្រយុទ្ធ និងផលិតអាវុធ។ ក្រុមហាម៉ាសបានបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែល ដែលថា ខ្លួនធ្វើប្រតិបត្តិការពីទីតាំងជនស៊ីវិល ដូចជាសាលារៀន និងមន្ទីរពេទ្យជាដើម។
មន្ត្រីសុខាភិបាលហ្កាហ្សាបាននិយាយថា នៅព្រឹកថ្ងៃសៅរ៍ ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់ឡោមព័ទ្ធនេះ បានសម្លាប់មនុស្ស៦នាក់នៅក្នុងផ្ទះមួយនៅភាគខាងត្បូងនៃទីក្រុង រ៉ាហ្វា (Rafah) និងពីរនាក់ទៀតនៅក្នុងទីក្រុង ហ្កាហ្សា ។

យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាសនៅក្រុងរ៉ាហ្វា និងកន្លែងផ្សេងទៀតនៅដែនដីឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ។
មន្ត្រីសុខាភិបាលហ្កាហ្សានិយាយថា មកដល់ពេលនេះជនជាតិប៉ាឡេស្ទីនចំនួន៣៩.៥៥០នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្កាហ្សា ។ ការវាយលុកនេះត្រូវបានបង្កឡើងដោយការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា សម្លាប់មនុស្ស១.២០០នាក់ និង ២៥០ នាក់ត្រូវបានចាប់ជាចំណាប់ថ្នូរចូលទៅក្នុងដែនដីហ្កាហ្សា៕