អ្នកពន្លត់អគ្គិភ័យជាង ៦.០០០នាក់នៅជ្រលងភ្នំភាគកណ្តាលនៃរដ្ឋកាលីហ្វ័រនីញ៉ា បានបន្តទប់ទល់នឹងការឆាបឆេះដ៏ធំបំផុតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ សប្ដាហ៍នេះ ដែលបានឈានចូលក្នុងសៀវភៅប្រវត្តិសាស្ត្រ ជាចំហេះព្រៃដ៏ធំបំផុតទី ៤ របស់រដ្ឋនេះក្នុងកំណត់ត្រា។

កម្ដៅកម្រិត១០០អង្សាហ្វារិនហៃ រួមជាមួយខ្យល់បក់រហូតដល់ ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ឬច្រើនជាងនេះនៅកន្លែងខ្លះ បានផ្តល់ការសង្គ្រោះតិចតួចដល់ក្រុមពន្លត់អគ្គិភ័យ ដែលកំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃ Park Fire ដែលឆេះតំបន់វាលរហោស្ថានចម្ងាយប្រហែល ១៦១ គីឡូម៉ែត្រ ភាគខាងជើងនៃ ទីក្រុង Sacramento របស់រដ្ឋនេះ។
ភ្លើងឆេះព្រៃមានឈ្មោះថា Park Fire ចាប់ផ្តើមដោយអ្នកដុតព្រៃដែលបង្កការបំផ្លិចបំផ្លាញរថយន្តនិងផ្ទះសម្បែងប្រជាពលរដ្ឋជិតមជ្ឈមមណ្ឌលវប្បធម៌ Chico រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃទី ២៤ ខែកក្កដា ចាប់តាំងពីពេលនោះមកបានឆេះបំផ្លាញព្រៃឈើជាង ១៦២.២០០ ហិចតា ដែលមានទំហំធំជាង ទីក្រុង Los Angeles ទៅទៀត។
ក្រុមមន្ត្រីបាននិយាយថា បុរសវ័យ៤២ឆ្នាំ ម្នាក់ ត្រូវបានចាប់ខ្លួន ហើយ ត្រូវបានចោទប្រកាន់ពីបទដុតព្រៃ និងឃុំឃាំងដោយពុំមានការបង់ប្រាក់ធានា៕