ប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ស៊ុយអែត និងហ្ស៊កដានី បានណែនាំពលរដ្ឋរបស់ពួកគេឱ្យចាកចេញពីប្រទេសលីបង់ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់។

កាលពីថ្ងៃសៅរ៍ ស្ថានទូតអាមេរិកប្រចាំប្រទេសលីបង់បានចេញសេចក្តីថ្លែងការណ៍មួយដោយជំរុញពលរដ្ឋអាមេរិកឲ្យចាកចេញពីប្រទេសលីបង់ ។ ស្ថានទូតអាមេរិក ក៏បានណែនាំដល់ពលរដ្ឋអាមេរិកដែលមិនមានគម្រោងចាកចេញពីប្រទេសលីបង់ រៀបចំផែនការសង្គ្រោះបន្ទាន់សម្រាប់គ្រាអាសន្ន និងត្រៀមខ្លួនសម្រាប់ការបន្តរយៈពេលស្នាក់នៅក្នុងមូលដ្ឋាន។

នៅថ្ងៃដដែល ការិយាល័យបរទេសរបស់អង់គ្លេសបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដោយជំរុញឱ្យពលរដ្ឋអង់គ្លេសចាកចេញពីប្រទេសលីបង់ជាបន្ទាន់ នៅពេលដែលការដឹកជញ្ជូនពាណិជ្ជកម្មនៅតែដំណើរការ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy បាននិយាយថា ស្ថានភាពក្នុងតំបន់បច្ចុប្បន្នមានភាពតានតឹងខ្លាំង ដោយតម្រូវឱ្យពលរដ្ឋអង់គ្លេស "ចាកចេញឥឡូវនេះ" ។
រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក ថូបាយអើស ប៊ៀល ស្ត្រូម (Tobias Billstrom)បាននិយាយកាលពីថ្ងៃសៅរ៍ថា ដោយសារតែភាពតានតឹងកាន់តែខ្លាំងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្រសួងការបរទេសស៊ុយអែតបានសម្រេចបិទស្ថានទូតរបស់ខ្លួនជាបណ្តោះអាសន្ននៅទីក្រុងបេរូត និងដកបុគ្គលិកការទូតចេញ៕