លោកប្រធានាធិបតីអាមេរិក Joe Biden បានបង្ហាញក្តីសង្ឃឹមថា អ៊ីរ៉ង់នឹងដកថយ ទោះបីគំរាម សងសឹកចំពោះការធ្វើឃាតនៅទីក្រុងតេអេរ៉ង់លើមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស ដោយសារបារម្ភថា សង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាអាចធ្វើឲ្យជម្លោះមជ្ឈិមបូព៌ារីកកាន់តែធំ។

ភាពតានតឹងក្នុងតំបន់បានកើនឡើងបន្ទាប់ពីការធ្វើឃាតលោក Ismail Haniyeh មេដឹកនាំកំពូលរបស់ក្រុមហាម៉ាស កាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលក្នុងទីក្រុងបេរូតបានសម្លាប់លោក ហ្វ៊ូអាដ សុកកឺ (Fuad Shukr)មេបញ្ជាការយោធាជាន់ខ្ពស់មកពីក្រុមហេសបូឡារបស់ប្រទេសលីបង់ ដែលទទួលបានការគាំទ្រពីអ៊ីរ៉ង់ដូចក្រុមហាម៉ាសដែរ។

អ៊ីរ៉ង់ និងក្រុមហាម៉ាស បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការសម្លាប់របស់លោក Haniyeh ហើយពួកគេរួមជាមួយនឹងក្រុមហេសបូឡា បានប្តេជ្ញាសងសឹក។ អ៊ីស្រាអែល មិនបានអះអាងឬបដិសេធការទទួលខុសត្រូវការស្លាប់នោះទេ។ ។
នៅពេលសួរដោយអ្នកសារព័ត៌មានថាតើអ៊ីរ៉ង់នឹងដកថយ ឬអត់ លោក Biden បានឆ្លើយតបកាលពីថ្ងៃសៅរ៍ថា "ខ្ញុំសង្ឃឹមដូច្នេះ តែខ្ញុំមិនដឹងទេ" ៕