ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានប្រជុំត្រួតពិនិត្យកិច្ចការសន្តិសុខនារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ដើម្បីត្រួតពិនិត្យការងារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងពិនិត្យទីតាំងប្រារព្ធកម្មវិធីប្រគំតន្ត្រី អបអរសាទរពិធីបេីកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រមទាំងរៀបចំពិធីអុជធូបសុំសេចក្ដីសុខ សេចក្ដីចម្រើន និងដំណេីរការកម្មវិធី ប្រកបដោយរលូន នៅមុខសាលមហោស្រពកោះពេជ្រ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ទៀតថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាផលប្រយោជន៍ដ៏ធំធេងសំរាប់ប្រជាជាតិកម្ពុជា ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តសម្រេចបានដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយៗទៀត។ ដែលពេលនេះម្នាក់ៗពិតជាមានភព្វវាសនាណាស់ ដែលបានចូលរួមលើការងារព្រែកជីកហ្វូណនតេជោនេះ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ការងារសំខាន់ពេលនេះរបស់គណបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃស្អែកនេះ ដែលទាមទាឲ្យកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ យកអស់មម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែររួមជាតិតែមួយ ធ្វើយ៉ាងណាឲ្យពិធីនេះដំណើរការទៅដោយរលូន មានសុខសុវត្ថិភាពជាមួយនិងភាពសប្បាយរីករាយ។
ជាមួយគ្នានេះដែរគ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញក៏មានការរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ ដែរ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គរ ឲ្យមានភាពគគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គរ បែបនេះផងដែរ។
ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ ពោលគឺនៅរាត្រីថ្ងៃទី៥ សីហា ឆ្នាំ២០២៤ នឹងមានការប្រគុំតន្ត្រី នៅមុខសាលមហោស្រព កោះពេជ្រ ដែលមានសិល្បករ និងកីឡាករល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រួចនៅទន្លេ៤មុខចំនួន២លើក នោះគឺនៅម៉ោង៧និង២០នាទី១លើក និងទី២នៅម៉ោង៩និង៩យប់មួយលើកទៀត៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា






