នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ កងពលតូចដឹកជញ្ជូនលេខ៩៩ ដឹកនាំដោយឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំនាយទាហានពលទាហាន ធ្វើពិធីវាយជូង ទូងស្គរ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»។
ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏ធំមួយទៀតរបស់កម្ពុជាគឺជាថ្ងៃដែលប្រជាជនកម្ពុជានៅគ្រប់ទិសទីទាំងអស់ ចងចាំមិនភ្លេចគឺជាថ្ងៃបើកការដ្ឋានជាផ្លូវការសាងសង់នូវគម្រោង«ព្រែកជីកហ្វូណនតេជោ» ដែលការបើកការដ្ឋាននេះបានធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ គម្រោងយក្សមួយនេះត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានចូលរួមអបអរសាទរ និងបានគាំទ្រយ៉ាងពេញទំហឹង ថែមទាំងនាំគ្នាវាយជួង ទូងស្គរ និងរគាំងអបអរសាទរនៅទូទាំងប្រទេសផងដែរ។
សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។
គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា ពោលគឺអាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើនជាដើម។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។
«ព្រែកជីកហ្វូណនតេជោ»នេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្មក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន៕ អត្ថបទបាន ចក់




