មនុស្សយ៉ាងហោចណាស់ ៩១នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួសក្នុងការប៉ះទង្គិចគ្នានៅក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យទី៤ ខែសីហា ខណៈកងកម្លាំងនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកក្រុមបាតុកររាប់ម៉ឺននាក់ ដែលអំពាវនាវឱ្យនាយករដ្ឋមន្ត្រី លោកស្រី សេក ហាស៊ីណា (Sheikh Hasina) លាលែងពីតំណែង។

រដ្ឋាភិបាលបានប្រកាសបម្រាមគោចរទូទាំងប្រទេសមិនកំណត់ដោយចាប់ផ្តើមនៅម៉ោង ៦ ល្ងាចម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ ជាលើកដំបូងដែលខ្លួនបានចាត់វិធានការបែបនេះក្នុងអំឡុងពេលការតវ៉ានាពេលបច្ចុប្បន្នដែលបានចាប់ផ្តើមកាលពីខែមុន។ ប្រទេសនេះ ក៏បានប្រកាសផងដែរពីថ្ងៃឈប់សម្រាកទូទាំងប្រទេសរយៈពេលបីថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃចន្ទសប្ដាហ៍នេះតទៅ។

ភាពចលាចលដែលបានជំរុញឱ្យរដ្ឋាភិបាលបិទសេវាកម្មអ៊ីនធឺណិត គឺជាការសាកល្បងដ៏ធំបំផុតរបស់ លោកស្រី Hasina នៅក្នុងរបប ២០ឆ្នាំរបស់លោកស្រី បន្ទាប់ពីបានឈ្នះអាណត្តិទី ៤ក្នុងការបោះឆ្នោតដែលត្រូវបានធ្វើពហិការដោយគណបក្សប្រឆាំងដ៏សំខាន់គឺគណបក្សជាតិនិយមបង់ក្លាដែស ។
ក្រុមអ្នករិះគន់ លោកស្រី Hasina រួមជាមួយក្រុមសិទ្ធិមនុស្សបានចោទប្រកាន់រដ្ឋាភិបាលរបស់លោកស្រី ថាបានប្រើកម្លាំងហួសហេតុប្រឆាំងនឹងក្រុមអ្នកតវ៉ា ជាការចោទប្រកាន់ដែលលោកស្រី និងរដ្ឋមន្ត្រីរបស់ខ្លួនបានបដិសេធ។
ក្រុមបាតុករបានបិទផ្លូវហាយវេធំៗកាលពីថ្ងៃអាទិត្យ ខណៈក្រុមបាតុករនិស្សិតបានចាប់ផ្តើមកម្មវិធីមិនសហការដើម្បីជំរុញឱ្យរដ្ឋាភិបាលលាលែងពីតំណែង ហើយអំពើហិង្សាបានរីករាលដាលពាសពេញប្រទេស៕