ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទ (០៥ សីហា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចុះត្រួតពិនិត្យការបញ្ជូនជើងទម្រប្រព័ន្ធមីស៊ីលបាលិស្ទិកតាកទិកទៅឱ្យកងទ័ពកាលពីថ្ងៃអាទិត្យ។

លោក គីម ក៏បានថ្លែងសុន្ទរកថានៅឯទីតាំងព្រឹត្តិការណ៍នោះនៅទីក្រុងព្យុងយ៉ាង ជាទីដែលជើងទម្រមីស៊ីលបាលិស្ទិកតាកទិកថ្មីចំនួន ២៥០ គ្រឿងត្រូវបានដាក់បង្ហាញ នេះបើយោងតាម KCNA ។

ប្រព័ន្ធជើងទម្រទាំងនោះត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋពិពណ៌នាថាជាអាវុធតាកទិកវាយប្រហារទាន់សម័យដ៏មានអានុភាពដែលត្រូវបានបង្កើតឡើងដោយលោក គីម ហើយត្រៀមខ្លួនរួចរាល់ដើម្បីផ្ទេរទៅកាន់អង្គភាពកងទ័ពប្រជាជនកូរ៉េ ដែលជាកងកម្លាំងយោធារបស់ប្រទេស។

មេដឹកនាំរូបនេះត្រូវបានដកស្រង់សម្តីដែលបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់កងទ័ព និងអ្នកវិទ្យាសាស្ត្រយោធាថា ទីក្រុងព្យុងយ៉ាង នឹងមានការពង្រឹងការត្រៀមខ្លួននុយក្លេអ៊ែរនាពេលអនាគតដ៏ខ្លី ដើម្បីទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរ និងការពារខ្លួនដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមណាមួយ។
លោក គីម បានបញ្ជាក់ជាថ្មីនូវជំហររបស់ខ្លួនថា ការស្តុកទុក និងការកែលម្អប្រព័ន្ធអាវុធនុយក្លេអ៊ែររបស់ប្រទេស គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីទប់ទល់នឹងអ្វីដែលលោកបាននិយាយថា ជាការគំរាមកំហែងនុយក្លេអ៊ែរ និងសម្ពាធពីសហរដ្ឋអាមេរិក៕