នគរបាលនៅភាគខាងជើងនៃទីក្រុងរ៉ូឌើរឹម (Rotherham) របស់អង់គ្លេស បានព្យាយាមទប់ទល់នឹងក្រុមអ្នកធ្វើកុបកម្មស្តាំនិយជ្រុល ដែលកំពុងព្យាយាមទម្លាយចូលទៅក្នុងសណ្ឋាគារជាទីដែលក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនកំពុងស្នាក់នៅ។

ក្រុមអ្នកតវ៉ា បានប្រមូលផ្ដុំគ្នា នៅខាងក្រៅសណ្ឋាគារ Holiday Inn Express កាលពីថ្ងៃអាទិត្យ ខណៈអំពើហិង្សាបានរីករាលដាល កាន់តែខ្លាំងចូលទៅដល់ទីក្រុងភាគខាងជើង ក្រោយការស្លាប់កុមារ៣នាក់ កាលពីថ្ងៃចន្ទសប្ដាហ៍មុន នៅក្នុងទីក្រុង Southport។

ក្រុមអ្នកតវ៉ាប្រឆាំងជនអន្តោប្រវេសន៍ បានកប់ដុំថ្មទៅលើនគរបាល ក្នុងពេលបង្ក្រាបកុបកម្ម និងបានចាប់ផ្ដើមដុតភ្លើងនៅសណ្ឋាគារនោះ។
មុនពេលរុញច្រានក្រុមកុបករឲ្យត្រឡប់ក្រោយបានដោយជោគជ័យ ក្រុមមន្ត្រីនគរបាល ដែលប្រដាប់ខែល បានប្រឈមការតវ៉ាយ៉ាងខ្លាំង រួមទាំងកំណាត់ឈើ កៅអី និងបំពង់ពន្លត់អគ្គិភ័យ ខណៈពួកគេបានព្យាយាមទប់ស្កាត់សកម្មភាពរបស់ក្រុមកុបកម្ម ដែលភាគច្រើនពាក់ម៉ាស់ មិនឲ្យចូលក្នុង សណ្ឋាគារ Holiday Inn Express ។ ការបំពួកភ្លើងទ្រង់ទ្រាយតូចមួយ នៅក្នុងធុងសំរាម ក៏ត្រូវបានគេមើលឃើញផងដែរ ខណៈបង្អួចនៅក្នុងសណ្ឋាគារត្រូវបានវាយកម្ទេច។
នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក គៀរស្តាមើ (Keir Starmer) បានថ្កោលទោសការវាយប្រហារនេះ ដោយហៅថាជា "ជាអំពើហិង្សាបង្កឡើងដោយក្រុមស្តាំនិយមជ្រុល" នៅពេលអំពើហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយពីវិមាននាយករដ្ឋមន្ត្រីអង់គ្លេស 10 Downing Street កាលពីរសៀលថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីបានប្តេជ្ញាថា "យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីនាំក្រុមបង្កហិង្សាទាំងនេះទៅកាត់ទោស " ខណៈលោកបានថ្លែងទៅកាន់ប្រទេសជាតិបន្ទាប់ពីភាពវឹកវរនៅតែទូទាំងប្រទេស៕