ប្រទេសម៉ាលី បាននិយាយកាលពីថ្ងៃអាទិត្យ (០៤ សីហា) ថាខ្លួនកំពុងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែនភ្លាមៗ ជុំវិញការអត្ថាធិប្បាយរបស់អ្នកនាំពាក្យទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន (GUR) អំពីការប្រយុទ្ធគ្នានៅភាគខាងជើងរបស់ខ្លួន ដែលបានសម្លាប់ទាហានម៉ាលី និងយុទ្ធជនក្រុមទាហានស៊ីឈ្នួល វេកនើ (Wagner) កាលពីចុងខែកក្កដា។

ក្រុមឧទ្ទាម ទ័្វររេក (Tuareg) ភាគខាងជើងនៃប្រទេសម៉ាលី បាននិយាយថា ពួកគេបានសម្លាប់ទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី យ៉ាងហោចណាស់ ៨៤នាក់ និងទាហានម៉ាលី ៤៧នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅភាគខាងជើងនៃប្រទេសអាហ្រ្វិកខាងលិចមួយនេះ ក្នុងអ្វីដែលហាក់ដូចជាការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតរបស់ក្រុម Wagner ចាប់តាំងពីបានចូលក្នុងប្រទេសនេះកាលពីពីរឆ្នាំមុន ដើម្បីជួយអាជ្ញាធរយោធាម៉ាលី ប្រយុទ្ធជាមួយក្រុមបះបោរ។
អ្នកនាំពាក្យទីភ្នាក់ងារចារកម្មអ៊ុយក្រែន GUR លោក អាន់ឌ្រី យូសូវ (Andriy Yusov) មិនបានបញ្ជាក់ពីការពាក់ព័ន្ធរបស់ទីក្រុងគីវក្នុងការប្រយុទ្ធនោះទេ ប៉ុន្តែនៅក្នុងការអត្ថាធិប្បាយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ទូរទស្សន៍ ស៊ូស្ពីលនេ (Suspilne) នៅថ្ងៃចន្ទ (២៩ កក្កដា) លោកបាននិយាយថា ពួកឧទ្ទាមម៉ាលី បានទទួលព័ត៌មានសម្ងាត់ «ចាំបាច់» ដើម្បីធ្វើការវាយប្រហារនោះ។
ម៉ាលីបាននិយាយថា ខ្លួនបានដឹងរឿងនេះ «ដោយមានការតក់ស្លុតយ៉ាងខ្លាំងចំពោះសុន្ទរកថាមួយនោះ» ដោយបន្ថែមថា លោក Yusov «បានទទួលស្គាល់ការជាប់ពាក់ព័ន្ធរបស់អ៊ុយក្រែន ក្នុងការវាយប្រហារដ៏កំសាក ក្បត់ជាតិ និងព្រៃផ្សៃដោយក្រុមភេរវករប្រដាប់អាវុធ ដែលបណ្តាលឱ្យមានការស្លាប់សមាជិកជាច្រើននៃកងកម្លាំងការពារ និងសន្តិសុខម៉ាលី»៕