ភ្នំពេញ ៖ សមាគម អាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសន្តិភាព ដែលមានលោក កៀង ល័ក្ស អភិបាលរងខណ្ឌកំបូលជាប្រធានកិត្តិយស និងដឹកនាំដោយលោក ហ៊ាង វិទ្យា ជាប្រធាន បានរៀបចំកម្មវិធីប្រគល់ថវិកាមូលនិធិសង្គ្រោះ ជូនក្រុមគ្រួសារសមាជិក ដែលបានទទួលមរណភាពកន្លងមកសរុប៧គ្រួសារ ។
កម្មវិធីនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញា ម្សិលមិញនេះ នៅស្នាក់ការកណ្តាលមូលដ្ឋានសង្កាត់ ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នាឱកាសនោះ លោក កៀង ល័ក្ស អភិបាលរងខណ្ឌកំបូលជាប្រធានកិត្តិយសបានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខបងប្អូនអ្នករត់កង់បីគ្រប់គ្នាៗផងដែរ។
ជាមួយគ្នានេះដែរ លោកអភិបាលរងខណ្ឌ បានអំពាវនាវដល់បងប្អូនអ្នករត់កង់បី ទាំងអស់ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវវិធានការ ៣ការពារ និង ៣កុំ ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍នាពេលនេះ ។
ម្យ៉ាងទៀតសូមកុំប្រមូលផ្តុំ ជួបជុំគ្នា ហើយប្រសិនបើគ្មានការចាំបាច់ទេ សូមបងប្អូនកុំចេញក្រៅផ្ទះឲ្យសោះដើម្បី ជៀសវាងការរីករាលដាលឆ្លងកីវីដ-១៩។
សូមបញ្ជាក់ដែរថា ថវិកាដែលប្រមូលបានពីបងប្អូនសាជិក-សមាជិកាទាំងអស់គឺទទួលបាន ១៩.១៧៥.០០០រៀល ដែលថវិកាទាំងអស់នេះ គឺសុទ្ធតែជាការចូលរួមនិងទឹកចិត្តរបស់សមាជិកក្នុងសមាគមទាំងអស់តែម្តង៕
អត្ថបទ៖ កុម្ភះ




