នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia' al-Sudani បាននិយាយកាលពីថ្ងៃអាទិត្យថា ការកាត់ បន្ថយការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា គឺពឹងផ្អែកតែលើការបញ្ឈប់ការឈ្លានពាន នៅក្នុងតំបន់ហ្កាហ្សា និងការទប់ស្កាត់វាមិនឲ្យរាលដាលកាន់តែធំចូលទៅក្នុងប្រទេសលីបង់។

លោកនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អង់តូនី ប៊ីនខិន (Antony Blinken)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក al-Sudani។
សេចក្តីថ្លែងការណ៍នេះ បាននិយាយថា ភាគីទាំងពីរ បានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបំផុតក្នុងតំបន់ និងអន្តរជាតិ និងការខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៃភាពតានតឹង នៅក្នុង តំបន់។

សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា លោក Al-Sudani បានសង្កត់ធ្ងន់លើតម្រូវការក្នុងការរារាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋាភិបាលរបស់លោក ពីការវាយប្រហារលើបណ្តាប្រទេសក្នុងតំបន់ និងដើម្បីបញ្ចប់ការរំលោភម្តងហើយម្តងទៀតនៃច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ពួកគេ។
សម្រាប់ផ្នែករបស់ខ្លួន លោក ប៊ីនខិន បានបង្ហាញពីបំណងប្រាថ្នារបស់សហរដ្ឋអាមេរិក គឺឲ្យប្រទេសអ៊ីរ៉ាក់ ដើរតួនាទីក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងទប់ស្កាត់ការកើនឡើងដោយភាគីទាំងអស់។