តំបន់ផ្សេងៗក្នុងប្រទេសចិន នៅតែបន្តឡើងកម្ដៅ ខណៈសីតុណ្ហភាពនៅតែកើនឡើងខ្លាំង ជាពិសេសនៅភាគខាងកើតរបស់ប្រទេស ដែលកម្ដៅដ៏គ្រោះថ្នាក់ត្រូវបានគេរំពឹងថានឹងបន្តកើតមាននៅក្នុងខេត្ត ជាំងស៊ូ (Jiangsu) និងខេត្ត ជឺជាំង (Zhejiang) ក៏ដូចជានៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងសៀងហៃ ផងដែរ។

ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា នៅភាគខាងកើត និងភាគពាយ័ព្យនៃប្រទេសចិន សីតុណ្ហភាពឡើងដល់ ៤៣,៩អង្សារសេ បានវាយលុកនៅខេត្ត ជឺជាំង (Zhejiang), ជាំងស៊ូ (Jiangsu), ក្រុងសៀងហៃ (Shanghai), ខេត្ត អានហួយ (Anhui), តំបន់ ស៊ីនជាំង (Xinjiang) ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយនឹងតំបន់ផ្សេងទៀតក៏បានមើលឃើញសីតុណ្ហភាពដែលអាចកើនឡើងជុំវិញ ឬលើសពី ៤០អង្សាសេ។

ជាមួយនឹងកម្ដៅដ៏ខ្លាំងក្លាបែបនេះ ប្រជាជនបានប្រើប្រាស់អគ្គិសនីកាន់តែខ្ពស់ ដោយមនុស្សជាច្រើនបានប្រើម៉ាស៊ីនត្រជាក់ដើម្បីទប់ទល់នឹងកម្ដៅ ហើយការកើនឡើងនៃតម្រូវការអគ្គិសនីបែបនេះអាចគំរាមកំហែងដល់ការផ្គត់ផ្គង់។

អង្គភាពអគ្គិសនីរដ្ឋរបស់ខេត្ត ជឺជាំង ចាប់តាំងពីខែមុន បានចាប់ផ្តើមណែនាំម្ចាស់យានយន្តអគ្គិសនីឱ្យសាករថយន្តរបស់ពួកគេនៅពេលយប់ ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនីក្នុងម៉ោងដែលមានត្រមូវការខ្ពស់បំផុតប្រចាំថ្ងៃ ខណៈសីតុណ្ហភាពរដូវក្តៅកើនឡើងខ្លាំង។ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិនៅថ្ងៃចន្ទ (០៥ សីហា) នេះបានព្រមានអំពីគ្រោះថ្នាក់អគ្គិភ័យដែលអាចកើតមានដែលបណ្តាលមកពីការប្រើប្រាស់ថាមពលច្រើនពេក និងបន្ទុកអគ្គីសនីលើសកម្រិត៕