បាល់ទាត់ៈ ក្រោយរងបរាជ័យ ៣ប្រកួតផ្ទួនៗកាលពីដើមរដូវកាល ក្រុមការពារតំណែងជើងឯកបឹងកេតបានក្លាយជាក្រុមឈ្នះការប្រកួតច្រើនជាងគេ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជាដោយលទ្ធផល ២-០ ក្នុងជំនួបសប្ដាហ៍ទី១២ នៃលីគកំពូលកម្ពុជាកាលពីល្ងាចថ្ងៃទី០៦-កញ្ញា ពោលគឺក្រុមនាគខៀវដណ្ដើមបានជ័យជម្នះ ៨ប្រកួតផ្ទួនៗវិញក្នុងចំណោម ១១ប្រកួតរបស់ខ្លួន។

ជំនួបនៅកីឡដ្ឋានអគ្គិសនីកម្ពុជានេះ ខ្សែប្រយុទ្ធស្នូល ចាន់ វឌ្ឍនាកា បានស៊ុតគ្រាប់បាល់នាំមុខឲ្យក្រុមបឹងកេតតាំងពី ៤នាទីដំបូង។ ប៉ុន្ដែជាង ៤០នាទីសេសសល់ក្នុងវគ្គទី១ មិនមានកីឡាករូបណាអាចទាត់បំប៉ោងសំណាញ់ទីគ្នាទៀតទេ រហូតដល់ដើមវគ្គទី២ ទើបខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា តែតបញ្ចូលទីគ្រាប់ទី២ ឲ្យក្រុមជើងឯក ៤សម័យនៅនាទី៥៨ ហើយក៏ជាគ្រាប់បាល់ធានា ៣ពិន្ទុក្នុងការប្រកួតនេះដែរ។

តាមរយៈជ័យជម្នះនេះដោយមិនធ្វើការប្រៀបធៀបពិន្ទុ ក្រុមនាគខៀវបឹងកេតបានក្លាយជាក្រុមឈ្នះការប្រកួតច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី១២ បន្ទាប់ពីឆ្លងកាត់ ១១ប្រកួតឈ្នះ ៨ និងចាញ់ ៣ រកបាន ២៤ពិន្ទុ ខណៈវិសាខា និងព្រះខ័នរាជស្វាយរៀងដែលឆ្លងកាត់ ១១ប្រកួតដូចគ្នាទើបឈ្នះបាន ៧ប្រកួត គ្រាដែលក្រុមភ្នំពេញក្រោនដែលចំណេញ ១ប្រកួតក្នុងដៃ រួមទាំងក្រុមអង្គរថាយហ្គឺរក៏ទើបឈ្នះ ៦ប្រកួតប៉ុណ្ណោះ៕
អត្ថបទ៖ លី ឈុនឡា