អ្នកសម្របសម្រួលសម្រាប់ទំនាក់ទំនងយុទ្ធសាស្ត្រនៅក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក កំពុងបន្តជួយអ៊ីស្រាអែល ត្រៀមទប់ទល់សម្រាប់ការឆ្លើយតបដែលត្រូវបានរំពឹងទុក ពីសំណាក់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស នៅទីក្រុងតេអេរ៉ង់។ ទោះជាយ៉ាងណា លោកបាននិយាយបន្ថែមថា សហរដ្ឋអាមេរិក នៅតែជឿជាក់ថា «កិច្ចព្រមព្រៀងបទឈប់បាញ់ គឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការនាំយកសង្រ្គាមដល់ទីបញ្ចប់»។

លោក Kirby បានធ្វើអត្ថាធិប្បាយរបស់លោក នៅលើ បណ្តាញសារព័ត៌មាន Fox News។ លោក និយាយថា ទោះបីជាព័ត៌មានលម្អិតនៃការឆ្លើយតបរបស់អ៊ីរ៉ង់ នៅតែមិនទាន់ដឹងក៏ដោយ «យើងត្រូវធ្វើឱ្យប្រាកដថា យើងបានត្រៀមខ្លួនទប់ទល់រួចរាល់ ហើយយើងមានសមត្ថភាពនៅក្នុងតំបន់នោះ ដើម្បីជួយអ៊ីស្រាអែលការពារខ្លួន ហើយនិយាយដោយត្រង់ទៅ គឺការពារប្រជាជនរបស់យើង ទីតាំងផ្ទាល់ខ្លួនរបស់យើង និងផលប្រយោជន៍សន្តិសុខជាតិរបស់យើង។

ឱកាសនៃការទម្លាយភាពទាល់ច្រកនៅក្នុងកិច្ចចរចាបទឈប់បាញ់ ហាក់ដូចជាមានកម្រិតតិចតួច ខណៈភាពតានតឹង ក្នុងតំបន់បានកើនឡើងបន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃពុធ ទី៣១ កក្កដា មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅទីក្រុងបេរូត បានសម្លាប់លោក Fuad Shukr ជាមេបញ្ជាការយោធាជាន់ខ្ពស់មកពី ក្រុមប្រដាប់អាវុធលីបង់ហេសបូឡា។
ក្រុមហាម៉ាស និងអ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែលពីការធ្វើឃាតលោក Haniyeh ហើយបានសន្យាថានឹងសងសឹក។ អ៊ីស្រាអែល ពុំបានអះអាង ឬបដិសេធ ការទទួលខុសត្រូវចំពោះការធ្វើឃាតនេះទេ។