ខណៈការតវ៉ាដោយហិង្សានៅតែបន្ត ក្នុងប្រទេសនីហ្សេរីយ៉ា រដ្ឋាភិបាលប្រទេសនេះ កំពុងពិចារណាលើការដាក់ពង្រាយកងទ័ព។
នគរបាលរបស់ប្រទេសអាហ្រ្វិកបានរាយការណ៍ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា នៅថ្ងៃដំបូងនៃបាតុកម្មរយៈពេលមួយសប្តាហ៍ប្រឆាំងនឹងវិបត្តិភាពអត់ឃ្លាន និងការឡើងថ្លៃទំនិញនៅតាមទីផ្សារ បង្កការលំបាកដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

នគរបាលនីហ្សេរីយ៉ាកាលពីថ្ងៃសៅរ៍បានចាប់ខ្លួនបាតុករជិត៧០០នាក់ និងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកអ្នកដែលព្យាយាមដើរដង្ហែក្បួនទៅកាន់ការិយាល័យរដ្ឋាភិបាលក្នុងរដ្ឋធានី អាប៊ូចា (Abuja) នៅថ្ងៃទីបីនៃបាតុកម្មជុំវិញវិបត្តិការចំណាយខ្ពស់ក្នុងជីវភាពរស់នៅ។
កម្លាំងនគរបាលរបស់ប្រទេសនីហ្សេរីយ៉ា បានបញ្ជាដល់មន្ត្រីរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកជំនួយពីកងទ័ព បន្ទាប់ពីមានរបាយការណ៍អំពីអំពើហិង្សា និងការស្លាប់ នៅក្នុងការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងអភិបាលកិច្ចមិនល្អ ដែលត្រូវបានចោទប្រកាន់វិបត្តិអត់ឃ្លាន។

អធិកានគរបាលលោក Kayode Egbetokun បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោចណាស់៤ នាក់បានស្លាប់ និង ៣៤ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនៅក្នុងការផ្ទុះមួយ អំឡុងពេលដើរក្បួនតវ៉ាក្នុងរដ្ឋបូណូ ( Borno) ។
យោងតាមលោក Egbetokun និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ការប៉ះទង្គិចបានកើតឡើងនៅក្នុងទីក្រុងធំៗមួយចំនួនទៀត រួមមាន Abuja, Yobe, Kaduna, Niger, និង Kano ។
អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា មនុស្សយ៉ាងហោចណាស់១៣ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅពេលការតវ៉ាបានក្លាយជាហិង្សា ដោយបានស្ដីបន្ទោសចំពោះការប្រើគ្រាប់កាំភ្លើងពិត៕