បាល់ទាត់៖ តារាងកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ (Top-Scorers) នៃក្របខណ្ឌលីគកំពូលកម្ពុជាកាន់តែតានតឹង ក្នុងដំណើរឆ្ពោះទៅប្រជែងស្បែកជើងមាសដោយមានកីឡាករ ៦រូបមកពី ៣ក្លិបរកបានគ្រាប់បាល់យ៉ាងប្រកៀកប្រកិតគ្នា ស្របពេលសមាជិកក្រុមព្រះខ័នរាជស្វាយរៀង Jean Marie Privat Brfolo Mbarga នៅតែបន្ដឈរកំពូលតារាងបណ្ដោះអាសន្ន។

Privat ទោះបីអវត្តមានក្នុងការប្រកួត ដែលព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ៣-២ កាលពីចុងសប្ដាហ៍កន្លងទៅ ប៉ុន្ដែខ្សែប្រយុទ្ធកាមេរ៉ូនរូបនេះនៅតែរក្សាកៅអីកំពូលតារាង Top-Scorers បណ្ដោះអាសន្នបន្ទាប់ពីរកបាន ១១គ្រាប់ ហើយតាមពីក្រោយដោយកីឡាករ ៥រូបទៀតដែលរកបាន ១០គ្រាប់ស្មើគ្នាគិតត្រឹមសប្ដាហ៍ទី១២។ ចំពោះបេក្ខភាព Top-Scorers ៥រូបដែលរកបាន ១០គ្រាប់ស្មើគ្នា រួមមានសមាជិកក្រុមព្រះខ័នរាជស្វាយរៀង Miguel Angel Junco Martinez ហៅ Mika, កីឡាករបឹងកេត ចាន់ វឌ្ឍនាកា និង Abee Hurber និងកីឡាករវិសាខា Ajayi Opeyemi Korede និង Marcus Haber។
ក្នុងចំណោមកីឡាករទាំងអស់នេះ ភាគច្រើនសុទ្ធតែមានឱកាសរកគ្រាប់បាល់បន្ថែមមុនបញ្ចប់ជុំទី១ លើកលែងតែកីឡាករ Abee Hurber ដែលរង់ចាំរហូតដល់ជុំទី២ ដ្បិតរូបគេទើបផ្ទេរមកពីក្រុមអាស៊ីអឺរ៉ុបមិនទាន់អាចបង្ហាញខ្លួនឲ្យក្រុមថ្មីបានឡើយ។ ក្រៅពីកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ៦រូបខាងលើ ក៏មានកីឡាករជាច្រើនទៀតរកបានគ្រាប់បាល់ជាបន្ដបន្ទាប់ និងប្រដេញតាមពីក្រោយផងដែររួមមានកីឡាករ កែវ សុខផេង របស់វិសាខា និងខ្សែប្រយុទ្ធណាហ្គាវើលដ៏ Marcio ដែលរកបាន ៩គ្រាប់ស្មើគ្នា និងកីឡាករភ្នំពេញក្រោន Adres Nieto រកបាន ៨គ្រាប់ជាដើម៕
អត្ថបទ លី ឈុនឡា