ឯកសារតុលាការបានបង្ហាញកាលពីថ្ងៃសៅរ៍ (០៣ សីហា) ថា ចៅក្រមតំបន់របស់អាមេរិក លោកស្រី ថែនយ៉ា ឈុតខាន (Tanya Chutkan) បានកំណត់ពេលកិច្ចប្រជុំមុនការកាត់ក្ដីនៅថ្ងៃទី១៦ ខែសីហា ក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់សហរដ្ឋអាមេរិក ដែលចោទប្រកាន់លោក Donald Trump ពីបទព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ ដោយខុសច្បាប់។
ដីការបស់ចៅក្រម Chutkan នេះកើតឡើងមួយថ្ងៃបន្ទាប់ពីលោកស្រីទទួលបានយុត្តាធិការឡើងវិញនៅក្នុងសំណុំរឿង ដែលបានផ្អាកអស់រយៈពេលជិតប្រាំបីខែ ជុំវិញបណ្ដឹងទាមទារអភ័យឯកសិទ្ធិប្រធានាធិបតីរបស់លោក Trump។
លោកស្រីត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះលើថាតើទិដ្ឋភាពនៃការចោទប្រកាន់ដែលដាក់ដោយរដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត (Jack Smith) គួរតែត្រូវបានលុបចោលឬទេ បន្ទាប់ពីតុលាការកំពូលបានសម្រេចថាអតីតប្រធានាធិបតីរូបនេះមានអភ័យឯកសិទ្ធិទូលំទូលាយសម្រាប់សកម្មភាពផ្លូវការដែលបានធ្វើឡើងក្នុងពេលកាន់តំណែង។
លោក Trump បានផ្ដល់ចម្លើយពីភាពគ្មានទោសលើបទព្រហ្មទណ្ឌចំនួនបួន ដែលចោទលោកពីបទសមគំនិតពហុផ្នែកដើម្បីបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០។ នៅក្នុងឯកសាររបស់តុលាការកាលពីថ្ងៃសៅរ៍ លោកស្រី Chutkan បាននិយាយថា លោក Trump នឹងមិនត្រូវបានតម្រូវឱ្យបង្ហាញខ្លួននៅក្នុងតុលាការសម្រាប់សវនាការមុនកាត់ក្ដីនៅថ្ងៃទី១៦ ខែសីហា នេះទេ ប៉ុន្តែភាគីទាំងអស់ត្រូវបានស្នើឱ្យដាក់កាលវិភាគសម្រាប់ដំណើរការមុនកាត់ក្តីត្រឹមថ្ងៃទី០៩ ខែសីហា៕